ទីក្រុង និងក្រុងនានា នៅតាមឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Gujarat ប្រទេសឥណ្ឌា បានត្រៀមទប់ទល់នឹងព្យុះស៊ីក្លូនដ៏កម្រមួយ កាលពីថ្ងៃសុក្រ ខណៈភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង បានបង្ខំឱ្យអាជ្ញាធរ បិទសាលារៀន និងជម្លៀសប្រជាជនរាប់ពាន់នាក់។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌា បាននិយាយថា ព្យុះបានបោកបក់ហើយទំនងជានឹងកើនឡើងកាន់តែខ្លាំងទៅជាព្យុះស៊ីក្លូន ដោយបក់ឆ្ពោះទៅភាគពាយ័ព្យលើសមុទ្រអារ៉ាប់ក្នុងរយៈពេលពីរថ្ងៃបន្ទាប់។
ក្រុមអ្នកជួយសង្គ្រោះមកពីឆ្មាំល្បាតឆ្នេរប្រទេសឥណ្ឌា និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបានធ្វើប្រតិបត្តិការជួយសង្គ្រោះនៅក្នុងផ្នែកផ្សេងៗរបស់រដ្ឋ ជម្លៀសអ្នកស្រុកដែលជាប់គាំងខ្លួន ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងទូក។
ជាមួយគ្នានេះ អាជ្ញាធរតំបន់ បានចុះចែកអាហារ និងកញ្ចប់អាហារ នៅតាមតំបន់រងគ្រោះដោយទឹកជំនន់។
ទិន្នន័យពីការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌា បានបង្ហាញថា ព្យុះស៊ីក្លូនមួយក្នុងអំឡុងខែសីហា គឺជាការកើតឡើងដ៏កម្រ ដែលវាជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្ស៣នាក់ទៀតបានស្លាប់នៅក្នុងរដ្ឋ Gujarat កាលពីពេលយប់ ដោយសារឧបទ្ទហេតុទាក់ទងនឹងភ្លៀងធ្លាក់ ដែលធ្វើអោយចំនួនអ្នកស្លាប់កើនឡើងដល់៣១នាក់ក្នុងសប្តាហ៍នេះ ហើយអាជ្ញាធរបានជម្លៀសមនុស្សជាង៨.៧០០នាក់ ចេញពីស្រុកចំនួន ១០ ក្នុងរដ្ឋក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
