ការលុកលុយរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺស្របច្បាប់ និងត្រូវបានការពារដោយសិទ្ធិស្វ័យការពាររបស់ក្រុងគីវ។ នេះបើតាមការលើកឡើងរបស់អគ្គលេខាធិការរបស់អង្គការណាតូ លោក Jens Stoltenberg ដែលបានប្រាប់សារព័ត៌មាន Welt am Sonntag របស់អាល្លឺម៉ង់ ជាប្រតិកម្មលើកដំបូងរបស់លោក ចំពោះការរុលចូលទៅក្នុងដែនដីរុស្ស៊ីនេះ។
អមដោយការបន្ថែមថា អង្គការណាតូមិនត្រូវបានជូនដំណឹងអំពីផែនការរបស់អ៊ុយក្រែនជាមុននោះទេ ហើយក៏មិនបានដើរតួនាទីក្នុងការវាយលុកនេះដែរនោះ លោក Stoltenberg បានប្រាប់សារព័ត៌មាននេះថា៖ «អ៊ុយក្រែនមានសិទ្ធិការពារខ្លួន។ ហើយយោងទៅតាមច្បាប់អន្តរជាតិ សិទ្ធិនេះមិនមែនមាននៅតែត្រឹមព្រំដែនប៉ុណ្ណោះទេ»។
យ៉ាងណាក្ដី ប្រមុខអង្គការណាតូរូបនេះ បានលើកឡើងថា អ៊ុយក្រែនកំពុងប្រឈមនឹងហានិភ័យ ជាមួយនឹងការរុលចូលទៅក្នុងដែនដីរុស្ស៊ីនេះ ប៉ុន្តែថា វាអាស្រ័យលើទីក្រុងគីវអនុវត្តយុទ្ធនាការយោធារបស់ខ្លួនយ៉ាងដូចម្ដេច។
លោកបាននិយាយថា៖ «(អ៊ុយក្រែន) ប្រធានាធិបតី (Volodymyr) Zelensky បានបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការនេះមានគោលបំណងបង្កើតតំបន់ទ្រនាប់មួយ ដើម្បីការពារការវាយប្រហារឆ្លងកាត់ព្រំដែនបន្ថែមទៀតរបស់រុស្ស៊ី។ មិនខុសពីប្រតិបត្តិការយោធាទាំងអស់ផ្សេងទៀតដែរ ការលុកចូលនេះកើតមកជាមួយនឹងហានិភ័យ។ ប៉ុន្តែវាគឺជាការសម្រេចចិត្តរបស់អ៊ុយក្រែនថា តើត្រូវការពារខ្លួនតាមរបៀបយ៉ាងដូចម្ដេច»។
គួរបញ្ជាក់ថា ទីក្រុងគីវ បានបើកការលុកលុយឆ្លងព្រំដែនដ៏ធំមួយចូលទៅក្នុងតំបន់ Kursk កាលពីថ្ងៃទី៦ ខែសីហា ខណៈដែលកងទ័ពរបស់ទីក្រុងមូស្គូ នៅតែបន្តឆ្ពោះទៅកាន់មជ្ឈមណ្ឌលយុទ្ធសាស្ត្រទីក្រុង Pokrovsk នៅភាគខាងកើតអ៊ុយក្រែន៕


