ភ្នំពេញ៖ ចាប់តាំងពីមានវិបត្តិកូវីដ១៩ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋក្រីក្រជាពិសេសអ្នកដែលប្រឈមដោយសារវិបត្តិកូវីដ១៩ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញចំនួន១ពាន់ ៨៥០ គ្រួសារ បានទទួលអំណោយជំនួយសង្គម ពីរាជរដ្ឋាភិបាល ក្រុមការងារចុះជួយខណ្ឌ សង្កាត់ និងសប្បុរស ជនមួយចំនួនជាបន្តបន្ទាប់។
ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ ១១៥គ្រួសារនៅវត្តចាស់ សង្កាត់ជ្រោយចង្វារ នាព្រឹកថ្ងៃទី២៥កញ្ញានេះគឺជាលើកទី៣០ ហើយដែលរដ្ឋបាលសង្កាត់បានចែកជូនចាប់តាំង ពីខែមករាដើមឆ្នាំមក។
លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ បានប្រាប់BTVថា ចាប់តាំងពីមានវិបត្តិកូវីដ១៩ រដ្ឋបាលសង្កាត់ ជាពិសេសដោយមានការយកចិត្តទុកដាក់ក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ ជាពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ជួយដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារកូវីដ១៩ សង្កាត់ជ្រោយចង្វារគិតមកដល់ពេលនេះបាននិងកំពុងអនុវត្តនូវជុំទី២ ដែលមានទឹកប្រាក់សរុប១១៥លានរៀល ហើយរដ្ឋបាលសង្កាត់ក៏តែងតែធ្វើ សកម្មភាពចែកអំណោយជូនប្រជាពលរដ្ឋដែលបានមកពីក្រុមការងារ សប្បុរសជនជាបន្តបន្ទាប់សរុបមានចំនួន៣០លើកហើយ។
លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់គិតគូរ ប្រជាពលរដ្ឋទីទាល់ក្រជាពិសេសប្រជាពលរដ្ឋដែលប្រឈមនឹងវិបត្តិកូវីដ១៩ ហើយលោកក៏បានអរគុណប្រជាពលរដ្ឋដែលមានការយល់ដឹងនិងអនុវត្តបានយ៉ាងល្អប្រសើរនូវវិធានអនាម័យតាមកាចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបលជាសេនាធិការ។
ឯកឧត្តម សួន ឈាងលី អនុ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌជ្រោយចង្វារ ក៏បាន រម្លឹកពីអតីតកាលនៃការបែកបាក់និងកត្តាសន្តិភាព ដែលយើងរកបានដោយលំបាកហើយត្រូវរួមគ្នាថែរក្សាសន្តិភាពអោយបាន ព្រោះថាទាល់តែមានសន្តិភាពទើបមានអ្វីៗគ្រប់យ៉ាង។
ទន្ទឹមនេះ ឯកឧត្ដម ក៏បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ព្រោះយើងមិនអាចយកអំណោយបន្តិចបន្តួចនេះទៅប្រើប្រាស់ហូបចុកបានប៉ុន្មានថ្ងៃនោះទេ។ ដោយសារពេលនេះជារដូវភ្លៀងធ្លាក់ ឯកឧត្តម ក៏បានផ្ដាំផ្ញើពលរដ្ឋ ចូលរួមទុកដាក់សម្រាមអោយបានត្រឹមត្រូវចៀសវាងបង្កការកកស្ទះមាត់លូដែលនាំអោយមានការជន់លិចផ្លូវក៏ដូចជាលិចមូលដ្ឋានសហគមន៍៕ អត្ថបទ មុត សុទ្ធ
