បាល់ទាត់៖ ក្រោយបញ្ចប់ការប្រកួតជុំទី១ កាលពីថ្ងៃពុធកន្លងទៅ លីគកំពូលកម្ពុជាពុំមានការសម្រាកដូចរាល់ឆ្នាំនោះទេដោយនឹងបន្ដការប្រកួតជុំទី២ តែម្ដងនៅថ្ងៃទី១៨-១៩ ខែកញ្ញាចុងសប្ដាហ៍នេះជាមួយរូបមន្ដថ្មី ពិសេសបេក្ខភាព ៨ក្រុមកំពូលតារាង ឬក្រុម Top-8 ដែលត្រូវជួបគ្នាសុទ្ធតែក្រុមខ្លាំងប៉ះខ្លាំង។
សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី១៨ ខែកញ្ញាស្អែកនេះមាន ៣គូសុទ្ធតែជាបេក្ខភាពក្រុម Top-8 រួមមានក្រុមព្រះខ័នរាជស្វាយរៀងត្រូវជួបក្រុមភ្នំពេញក្រោននាវេលាម៉ោង ៦ល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីក្រុមទាំងពីរបានប្រកួតស្មើគ្នា ៣-៣ នៅទឹកដី Smart RSN កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ។ រីឯ ២គូប្រកួតទៀតនឹងចាប់ផ្ដើមការប្រកួតនាម៉ោង ៣៖៣០នាទីរសៀលដំណាលគ្នា រួមមានក្រុមបឹងកេតត្រូវជួបសងសឹកក្រុមកំពូលតារាងវិសាខា ក្រោយរងបរាជ័យក្នុងដី ៥-១ កាលពីចុងសប្ដាហ៍មុន និងក្រុមណាហ្គាវើលដ៏ត្រូវជួបក្រុមអង្គរថាយហ្គឺរនៅកីឡដ្ឋានស្ដាតចាស់ ខណៈជើងទី១ ណាហ្គាវើលដ៏បានយកឈ្នះអង្គរថាយហ្គឺរក្រៅដី ២-១។ ដោយឡែកនៅថ្ងៃទី១៩ ខែកញ្ញាវិញមាន ២គូក្នុងនោះក្រុមកងយោធពលខេមរភូមិន្ទនឹងបើកទ្វារកីឡដ្ឋានស្ដាតចាស់របស់ខ្លួន ស្វាគមន៍ក្រុមគិរីវង់សុខសែនជ័យនាវេលាម៉ោង ៣៖៣០នាទីរសៀល។ នេះគឺជាការប្រកួតក្នុងដីលើកដំបូងរបស់ក្រុមកងយោធពលខេមរភូមិន្ទ ដ្បិតជើងទី១ ក្លិបបានស្នើលេងក្រៅដីទាំងអស់ដើម្បីជួសជុល និងផ្លាស់ប្ដូរស្មៅថ្មីនៅកីឡដ្ឋានស្ដាតចាស់ដែលទើបរួចរាល់កាលពីថ្មីៗកន្លងទៅ។
ជំនួបរវាងក្រុមកងយោធពលខេមរភូមិន្ទ និងគិរីវង់ក៏ដូចជាការប្រកួតវគ្គ Top-8 ដើម្បីឈានទៅប្រជែងជើងឯកផងដែរ។ កាលពីជើងទី១ ក្រុមលោក Lee Tae Hoon បានយកឈ្នះក្រុមមាន់គក់មកពីខេត្តតាកែវនេះដោយលទ្ធផល ១-០។ ចំណែក ១គូទៀតគឺជាការប្រកួតដំបូង ក្នុងចំណោមបេក្ខភាព ៥ក្រុមបាតតារាង ដោយក្រុមអាស៊ីអឺរ៉ុបត្រូវបើកទ្វារផ្ទះទទួលខេត្តព្រៃវែងនាវេលាម៉ោង ៣៖៣០នាទីរសៀលនៅកីឡដ្ឋាន AEU Sport Park។ សូមបញ្ជាក់ថា ការប្រកួតជុំទី២ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC និងក្លិបសមាជិកលីគកំពូលកម្ពុជាបានឯកភាពគ្នាសម្រេចបែងចែកការប្រកួតជា ២ គឺក្រុមមានពិន្ទុខ្ពស់ជាងគេ ៨ក្រុម ឬក្រុម Top-8 ត្រូវបន្ដការប្រកួត ១ជុំដើម្បីប្រជែងជើងឯក និងក្រុមមានពិន្ទុតិចជាងគេ ៥ក្រុមបាតតារាងត្រូវប្រកួត ១ជុំដូចគ្នាដើម្បីស្វែងរកក្រុមកាត់ចេញពីលីគកំពូលកម្ពុជាឆ្នាំ២០២២៕
អត្ថបទ៖ លី ឈុនឡា