ព្យុះទីហ្វុងដ៏មានឥទ្ធិពល ដែលពេលនេះបានថមថយកម្លាំងទៅជាព្យុះត្រូពិចហើយនោះ នៅតែរំខានដល់ជើងហោះហើរ និងរថភ្លើង ក្នុងប្រទេសជប៉ុន នាថ្ងៃសៅរ៍ (ទី៣១ ខែសីហា) នេះ ដោយអាជ្ញាធរបានព្រមានអំពីការមានបំណាក់ដីដែលអាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
Shanshan ជាព្យុះទីហ្វុងដ៏កាចសាហាវបំផុតមួយដែលបានបង្កឲ្យមានការខូចខាតដល់ប្រទេសជប៉ុន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ បានបក់បោកលើកោះ Kyushu កាលពីថ្ងៃសុក្រ (ទី២៩ ខែសីហា) ប៉ុន្តែល្បឿនរបស់វាបានចុះខ្សោយមកនៅត្រឹម ៩០គីឡូម៉ែត្រ ក្នុង ១ម៉ោង ដោយធ្លាក់ពីល្បឿន ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។
បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ បានឲ្យដឹងថា ព្យុះទីហ្វុងនេះបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៦នាក់ ស្លាប់ និងជាង ១២០នាក់ រងរបួស។ ឥឡូវនេះ ដោយបានក្លាយទៅប្រភេទព្យុះត្រូពិចហើយនោះ ព្យុះ Shanshan បាន និងកំពុងស្ថិតនៅម្ដុំតំបន់ Wakayama ភាគខាងលិច នៅថ្ងៃទី៣១ ខែសីហានេះ ហើយកំពុងបក់បោកឆ្ពោះទៅទិសខាងកើត។
ក្រុមហ៊ុនអាកាសចរណ៍ ANA និង Japan Airlines បានលុបចោលជើងហោះហើរ ក្នុងស្រុកប្រហែល ៦០វ៉ុល សម្រាប់ថ្ងៃទី៣១ ខែសីហានេះ ដែលនាំឲ្យប៉ះពាល់ដល់អ្នកដំណើរជិត ៧.២០០នាក់។ ចំណែកសេវាកម្មរបស់រថភ្លើងល្បឿនលឿន Shinkansen នៅកណ្តាលទីក្រុង Nagoya ក៏ត្រូវបានផ្អាកផងដែរ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថា៖ «សូមបន្តប្រុងប្រយ័ត្ន ចំពោះការមានបំណាក់ដី ទឹកជំនន់ និងទឹកទន្លេហៀរហូរ»៕



