ទីបញ្ជាការកណ្តាលរបស់អាមេរិក (Centcom) កាលពីថ្ងៃសុក្រ (ទី៣០ ខែសីហា) បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការរួមគ្នា ដោយកងកម្លាំងអាមេរិក និងអ៊ីរ៉ាក់ បានសម្លាប់សមាជិកក្រុមរដ្ឋអ៊ិស្លាម (ISIS) ចំនួន ១៥នាក់ នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។
Centcom បានឲ្យដឹងនៅលើវេទិកាបណ្ដាញសង្គម X ថា ការវាយឆ្មក់បានកំណត់គោលដៅទៅលើមេដឹកនាំក្រុម ISIS ហើយត្រូវបានធ្វើឡើង នាព្រឹកព្រលឹមថ្ងៃទី២៩ ខែសីហា ដែលជាលទ្ធផល «នៅក្នុងប្រតិបត្តិការនោះ សមាជិករបស់ក្រុម ISIS ចំនួន ១៥នាក់ ត្រូវបានសម្លាប់» តែ «មិនបានបង្ហាញពីការបាត់បង់ជីវិតរបស់ជនស៊ីវិលនោះឡើយ»។
ទីបញ្ជាការនេះបានប្រាប់ថា សមាជិករបស់ក្រុម ISIS ត្រូវបាន «ប្រដាប់ដោយអាវុធជាច្រើនដើម គ្រាប់បែកដៃ និងខ្សែក្រវាត់ពាក់បំផ្ទុះអត្តឃាត ហើយកងកម្លាំងអ៊ីរ៉ាក់ កំពុងបន្ត «ប្រើប្រាស់ទីតាំងដែលត្រូវបានវាយឆ្មក់នោះ» ដោយត្រឹមតែបញ្ជាក់ថា ប្រតិបត្តិការនេះបានកើតឡើងនៅ «ភាគខាងលិចអ៊ីរ៉ាក់»។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះកើតឡើងនៅពេលដែលក្រុងបាកដាដ និងក្រុងវ៉ាស៊ីនតោន បានចូលរួមកិច្ចពិភាក្សាជាច្រើនខែ ជុំវិញវត្តមានរបស់កងកម្លាំងចម្រុះប្រឆាំងក្រុមជីហាដ នៅក្នុងប្រទេសអ៊ីរ៉ាក់។
បើទោះជាប្រទេសអ៊ីរ៉ាក់បានកំណត់គោលដៅឲ្យមានការដកទ័ពទាំងស្រុងក៏ដោយ ក៏គ្មានការកំណត់ពេលវេលាណាមួយ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះដែរ។ សហរដ្ឋអាមេរិកមានទាហានប្រមាណ ២.៥០០នាក់ នៅអ៊ីរ៉ាក់ និង ៩០០នាក់ នៅស៊ីរី ដែលជាផ្នែកនៃក្រុមចម្រុះអន្តរជាតិប្រឆាំងនឹងក្រុម ISIS។
កងកម្លាំងនេះចម្រុះត្រូវបានកំណត់គោលដៅរាប់សិបដង ដោយយានដ្រូន និងការបាញ់គ្រាប់រ៉ូកែត ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី ខណៈដែលអំពើហិង្សាទាក់ទងនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ចាប់តាំងពីដើមខែតុលាមកនេះ បាននាំឲ្យសកម្មភាពប្រយុទ្ធកាន់តែខ្លាំងឡើងៗពីក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕

