អភិបាលតំបន់ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់ បានបាត់បង់ជីវិត និង ៤៦នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនទៅលើទីក្រុង Belgorod ភាគនិរតីនៃប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃសុក្រ (ទី៣០ ខែសីហា)។
លោកអភិបាល Vyacheslav Gladkov បាននិយាយថា អ្នករបួស ៣៧នាក់ ក្នុងនោះរួមមានទាំងកុមារ ៧នាក់ផង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយរូបភាពវីដេអូពីប៉ាណូគ្រប់គ្រងបញ្ជារថយន្ត ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម និងអះអាងពីការវាយប្រហារនោះ បានបង្ហាញឲ្យឃើញរថយន្ត ១គ្រឿងទៀតកំពុងត្រូវបានផ្ទុះ ពេលកំពុងធ្វើដំណើរលើផ្លូវ។ មួយវិនាទីក្រោយមក គេឃើញមានការផ្ទុះនៅផ្នែកម្ខាងទៀតនៃផ្លូវនោះ។ យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះឡើយថា តើរូបភាពវីដេអូនេះពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា ខ្លួនបានផ្តួចផ្តើមឲ្យមានការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌ សម្រាប់ការវាយប្រហារលើទីក្រុង Belgorod នេះ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានរាយការណ៍ផងដែរថា ស្ត្រីម្នាក់បានរងរបួស នៅថ្ងៃសៅរ៍ (ទី៣១ ខែសីហា) នេះ ក្នុងអំឡុងពេលមានការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅកាន់ទីក្រុងព្រំដែន Shebekino ក្នុងតំបន់ Belgorod នេះ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានធ្វើការវាយប្រហារជាញឹកញាប់លើទីក្រុង Belgorod និងតំបន់ព្រំដែនរុស្ស៊ីផ្សេងទៀត ក្នុងប៉ុន្មានខែថ្មីៗនេះ។ ទីក្រុងនេះជាទីតាំងស្នូលដ៏សំខាន់នៃការវាយប្រហារ។
ទាំងអ៊ុយក្រែន និងរុស្ស៊ី បានលើកឡើងដូចគ្នាថា ពួកគេមិនមានចេតនាកំណត់គោលដៅលើជនស៊ីវិលនោះឡើយ ក្នុងសង្រ្គាមដែលបានចាប់ផ្តើមឡើងនៅពេលដែលរុស្ស៊ីបានបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅកាន់ប្រទេសជិតខាងដែលតូចជាងខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងម៉ូស្គូបានហៅការចូលលុកលុយនេះថា ជា «ប្រតិបត្តិការយោធាពិសេស»៕



