នគរបាលបានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់ បានចាក់ឲ្យមនុស្ស ៥នាក់រងរបួស នៅលើរថយន្តក្រុងមួយ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ (ទី៣០ ខែសីហា) ដោយហេតុការនេះបានកើតមានឡើងក្រោយមួយសប្តាហ៍បន្ទាប់ពីមានការវាយប្រហារដោយចាក់នឹងកាំបិតដ៏សាហាវ ដែលបានធ្វើឲ្យកក្រើកប្រទេសនេះ។
កម្លាំងនគរបាលមូលដ្ឋាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យអាយុ ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានហេតុការណ៍ នៅក្នុងទីក្រុង Siegen ដោយមិនមានការចង្អុលបង្ហាញថា នេះជាការវាយប្រហារភេរវកម្មនោះឡើយ។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា ជនរងគ្រោះ ៣នាក់ ក្នុងចំណោម ៥នាក់នោះ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ម្នាក់របួសធ្ងន់ និងអ្នកទី៥ គ្រាន់តែរបួសស្រាលប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ ត្រូវបានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងពីការវាយប្រហារដោយកាំបិត កាលពីមួយសប្តាហ៍មុន ដែលបានបណ្តាលឲ្យមនុស្ស ៣នាក់ ស្លាប់ និង ៣នាក់រងរបួស នៅក្នុងទីក្រុង Solingen ភាគខាងលិច។
អត្តសញ្ញាណនៃជនសង្ស័យ ជាជនជាតិស៊ីរីអាយុ ២៦ឆ្នាំដែលនៅមុនហេតុការណ៍នោះ ត្រូវបានគ្រោងនិរទេសទៅប្រទេសប៊ុលហ្គារីនោះ បានបង្កឲ្យមានការជជែកដេញដោល អំពីគោលនយោបាយអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោនរបស់ប្រទេសអាល្លឺម៉ង់៕


