យោធាអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី៣១ ខែសីហា) នេះ បានប្រាប់ថា កងកម្លាំងរបស់ខ្លួន បានសម្លាប់មនុស្ស ២នាក់ នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា នៅតំបន់កាន់កាប់ West Bank បន្ទាប់ពីមនុស្សម្នាក់បានលបចូលទៅកន្លែងតាំងទីលំនៅរបស់ជនជាតិអ៊ីស្រាអែល និងម្នាក់ទៀតបានបាញ់ទៅលើទាហានបន្ទាប់ពីរថយន្តរបស់គេបានផ្ទុះ។
វីដេអូដែលចេញផ្សាយដោយយោធា នៅតំបន់តាំងលំនៅ Karmei Tzur បង្ហាញឲ្យឃើញពីរថយន្តដែលឆេះម៉ត់ខ្ទេចខ្ទី ហើយកងកម្លាំងកំពុងវាយតម្លៃ នៅកន្លែងកើតហេតុ។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យនោះឡើយនូវកាលបរិច្ឆេទ និងទីតាំង នៅពេលដែលវីដេអូត្រូវបានថត។
សេវារថយន្តសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បាននិយាយថា បុរស ២នាក់ បានរងរបួសដោយការបាញ់កាំភ្លើងក្នុងហេតុការណ៍នោះ។ តែសេវានេះមិនបានបង្ហាញអត្តសញ្ញាណរបស់ជនទាំង ២នាក់នោះទេ។
ដោយសំដៅទៅលើតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល យោធាបានប្រាប់ថា៖ «ភេរវករបានព្យាយាមរត់កាត់ឆ្មាំសន្តិសុខ នៅច្រកចូលសហគមន៍ Karmei Tzur មួយវឹប ហើយបានលបចូលសហគមន៍»។
យោធាបានបន្តថា ទាហានដែលបានទៅដល់កន្លែងកើតហេតុ បានសម្លាប់ជនដៃដល់ម្នាក់ដែលបានបើកការបាញ់ប្រហារមកលើពួកគេ ហើយកំពុងតាមស្វែងរកអ្នកផ្សេង។ ហើយយោធាបានបន្ថែមថា នៅក្នុងឧបទ្ទវហេតុមួយទៀត រថយន្តត្រូវបានឆាបឆេះ និងផ្ទុះ នៅឯស្ថានីយ៍ចាក់សាំង។ តែយោធាបាននិយាយថា វាហាក់ដូចជាឆាប់ពេកក្នុងការយល់ថា ហេតុការណ៍ទាំង២ នេះ មានពាក់ព័ន្ធគ្នានោះ៕



