ការិយាល័យរបស់លោក Pedro Sanchez កាលពីថ្ងៃសុក្រ (ទី៣០ ខែសីហា) បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាខែក្រោយ ដោយការស៊ើបអង្កេតប្រឆាំងការបង្ខូចតម្លៃរបស់ទីក្រុងប៉េកាំង ចំពោះការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុប (EU) ក្លាយជាបរិបទសំខាន់។
បើយោងតាមប្រភពរដ្ឋាភិបាលអេស្ប៉ាញ បានឲ្យដឹងថា លោក Sanchez នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ នៅថ្ងៃទី ៧-១២ ខែកញ្ញា ហើយជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping អំឡុងទស្សនកិច្ចរបស់លោកនោះ។ អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម នឹងអមដំណើរលោកនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា ប្រទេសចិន និងសហភាពអឺរ៉ុប បានជាប់នៅក្នុងជម្លោះពាណិជ្ជកម្ម បន្ទាប់ពីនិយតករ EU បានប្រកាសកាតព្វកិច្ចពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនីផលិតដោយប្រទេសចិន។ ជាការសងសឹក ប្រទេសចិនបានបើកការស៊ើបអង្កេតប្រឆាំងការបង្ខូចតម្លៃលើផលិតផលម៉ាកយីហោ ទឹកដោះគោ និងសាច់ជ្រូកនាំចូលពី EU។
អេស្ប៉ាញ គឺជាប្រទេសនាំចេញសាច់ជ្រូកធំជាងគេរបស់អឺរ៉ុប។ ប្រទេសនេះបានផ្គត់ផ្គង់ ២២ភាគរយនៃការនាំចូលសាច់ជ្រូករបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ ១,២ពាន់លានអឺរ៉ូ (១,២៩ពាន់លានដុល្លារ) ហើយប្រឈមនឹងការខាតបង់ច្រើនជាងសមាជិកផ្សេងរបស់ប្លុក ដោយសារការស៊ើបអង្កេតនេះ។
ប្រទេសចិន បាន និងកំពុងស្ទង់មើលប្រទេសសមាជិកទាំង ២៧ របស់ EU ដើម្បីឲ្យបដិសេធសំណើរបស់គណៈកម្មការអឺរ៉ុប ក្នុងការដំឡើងពន្ធបន្ថែមរហូតដល់ ៣៦,៣ភាគរយលើរថយន្តអគ្គិសនីផលិតដោយចិន នៅពេលដែលពួកគេបោះឆ្នោតលើការស្នើនោះ នៅក្នុងខែតុលា៕