នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានចេញសេចក្ដីជូនដំណឹងមួយស្តីពីការចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ដែលដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងនៅរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្ដើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងនៅតាមតំបន់ព្រំដែន ការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។
ក្រសួងព័ត៌មានក៏បានបញ្ជាក់ដែរថា ការចុះឈ្មោះដំណើរទស្សនកិច្ចទិសឦសាននេះ នឹងរៀបចំជូនអ្នកចូលរួមចំនួន ២០០នាក់ក្នុងមួយលើក ដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនអាចចុះឈ្មោះជាមុន ជាបុគ្គល ឬជាក្រុម តាមគោលការណ៍ មកមុនទទួលបានមុន។

