ចិន និងហ្វីលីពីន កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ បានចោទដាក់គ្នាទៅវិញទៅមកថាមានចេតនាបុកកនាវាឆ្មាំល្បាតឆ្នេររបស់ពួកគេ នៅជិតតំបន់ឆ្នេរមានជម្លោះដ៏ក្ដៅគគុកក្នុងសមុទ្រចិនខាងត្បូង ដែលជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃឧបទ្ទវហេតុស្រដៀងគ្នានេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ទីក្រុងប៉េកាំង បានទាមទារសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុងលើដែនទឹកនៃផ្នែកសេដ្ឋកិច្ចដ៏សំខាន់ ទោះមានការទាមទារប្រកួតប្រជែងពីប្រទេសផ្សេងទៀត និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថាការអះអាងរបស់ខ្លួនពុំមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ឧបទ្ទវហេតុកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅក្បែរតំបន់ជម្លោះ Sabina Shoal ដែលបានលេចចេញជាចំណុចក្តៅថ្មីមួយនៅក្នុងការប្រឈមដាក់គ្នាលើដែនសមុទ្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
ដែនទឹកមានជម្លោះ Sabina Shoal ស្ថិតនៅចម្ងាយ ១៤០ គីឡូម៉ែត្រភាគខាងលិចនៃកោះ Palawan របស់ហ្វីលីពីន និងប្រហែល ១.២០០ គីឡូម៉ែត្រពីកោះ Hainan ជាដីគោកដ៏ធំរបស់ចិនដែលនៅជិតបំផុត។
យោងទៅតាមទូរទស្សន៍រដ្ឋ ចិន CCTV អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរចិន លោក លីវ តេជុន ( Liu Dejun) បាននិយាយថា អំឡុងថ្ងៃត្រុង នាវាហ្វីលីពីន បានបុកដោយចេតនាជាមួយនាវាចិន នៅជិតតំបន់ថ្មប៉ះប្រាស់ទឹក ដែលត្រូវបានគេស្គាល់ជាភាសាចិនថា ស៊ៀវប៉ិន (Xianbin) ៕