សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប គាំទ្រនិងជម្រុញឲ្យស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ និងក្រុមការងារ ត្រូវយកចិត្តទុកដាក់ដល់កិច្ចការពារហានិភ័យនៃការឆ្លង និងការចម្លងជម្ងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃការកំណត់យុទ្ធនាការរៀបចំបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ខាងមុខ ។
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានផ្តល់សម្ភារៈអនាម័យ សម្រាប់ប្រើប្រាស់ការពារ ការឆ្លងនិងការចម្លងជម្ងឺកូវីដ-១៩ រួមមាន ម៉ាស់ចំនួន ២០កេស ,ស្រោមដៃ ៥០កេស និង អាល់កុល ៧៥០លីត្រ ដោយយោងតាមសំណើររបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប។
លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា៖ សម្ភារៈអនាម័យទាំងនេះ នឹងត្រូវបានបែងចែកជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង ក្រុមការងារចុះឈ្មោះបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលនៃការបើកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដែលនឹងត្រូវអនុវត្តនៅតាមមូលដ្ឋានឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី ១២ខែតុលា រហូតដល់ថ្ងៃទី ៣០ខែវិច្ឆិកា ២០២១ ក្នុងគោលបំណងរៀបចំបញ្ជីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ វាកំពុងស្ថិតនៅជាបញ្ហាប្រឈមយ៉ាងខ្លាំង ដូច្នេះហើយការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវីដ-១៩ វាជាកម្មវត្ថុដ៏សំខាន់ នៅក្នុងយុទ្ធនាការនៃការរៀបចំបញ្ជីបោះឆ្នោតនោះ។ អំណោយជាសម្ភារៈក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នេះ គឺជាការចែករំលែករបស់រដ្ឋបាលខេត្ត ដែលបានមកពីការជួយឧបត្ថម្ភពីសំណាក់បងប្អូនសប្បុរសជន។ កន្លងមក សម្ភារៈអនាម័យទាំងនេះ ត្រូវបានបែងចែកជូនទៅតាមមណ្ឌលចត្តាឡីស័ក និងរដ្ឋបាលក្រុង-ស្រុកផងដែរ។
លោកអភិបាលរងខេត្តសៀមរាប បានបន្ថែមថា ក្រុមចុះឈ្មោះបោះឆ្នោត គ្រប់ឃុំ សង្កាត់ទាំងអស់ បើទោះជាបានទទួលការចាក់វាក់សាំងបង្ការការឆ្លងជម្ងឺកូវីដ-១៩គ្រប់ដុសស្តង់ដារយ៉ាងណាក៏ដោយ តែត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ។ ការធ្វេសប្រហែស គឺជាឱកាសនៃការឆ្លង និងចម្លងកូវីដ-១៩៕
អត្ថបទ ៖ គឹមឡេង

