ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រកាសបញ្ចូល និងទទួលស្គាល់សមាជិក សមាជិកា ៨៥៧រូប មកពីមូលដ្ឋានខណ្ឌទាំង ១៤។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៨៥៧រូប មកពីមូលដ្ឋានខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានប្រសាសន៍ជម្រាបជូនសមាជិក សមាជិកាថា ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ នឹងក្លាយជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងជាតិ មាតុភូមិ ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន សម្រេចបាននូវការកែប្រែប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឮធ្វើឱ្យប្រទេសកម្ពុជាដែលបានបាត់បង់សន្តិភាពជាង ៥០០ឆ្នាំ មកជាប្រទេសមានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ និងបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះឱ្យមានភាពរីកចម្រើនរុងរឿង និងធ្វើឱ្យកម្ពុជាស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។
ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយគណបក្សនេះមានអាយុ ៧៣ឆ្នាំហើយ ហើយកាលពី ៤៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានបន្តបង្កើតស្នាដៃដ៏ធំធេងសម្រាប់ជាតិមាតុភូមិយ៉ាងច្រើនបន្ថែមទៀត។
ក្នុងពិធីនេះដែរ តំណាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង ៨៥៧រូប បានលើកឡើងថា ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺដើម្បីមានឱកាសបានចូលរួមកសាងជាតិមាតុភូមិ។ សមាជិក សមាជិកាបានប្តេជ្ញាចិត្តអនុវត្តតាមគោលនយោបាយរបស់បក្ស គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន គាំទ្រ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល និងគាំទ្រជាមួយនឹងការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនថែមទៀត៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










