ត្បូងឃ្មុំ ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រុងសួងដោយឥត ខណៈការចុះពិនិត្យ និងព្យាបាលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំសុខមាលភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយមិនប្រកាន់ជាតិសាស ឬនិន្នាការនយោបាយឡើយ។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ការខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្មចាប់ពីតំបន់ប្រជុំជន រហូតដល់តំបន់ជនបទដាច់ស្រយ៉ាល ជាលទ្ធផលបានឆ្លុះបញ្ចាំងឳ្យឃើញថា វឌ្ឍនៈភាពជាជំហ៊ានៗ ឈរលើប្រតិបត្តិការយ៉ាងសកម្ម នៃវិស័យសុខាភិបាលក្នុងការថែទាំងសុខភាពជូនប្រជាពលរដ្ឋ ពិតជាបានកែលម្អ ជាពិសេសអត្រាមរណៈភាពមាតា ទារក និងកុមារ ត្រូវបានកាត់បន្ថយគួរឳ្យកត់សំគាល់។
ឯកឧត្តមក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីពេទ្យ មណ្ឌលសុខភាព សូមបន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ក្នុងបរិយាកាសយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មីៗ សំដៅលើកកម្ពស់សមត្ថភាព និងគុណភាព នៃប្រព័ន្ធសុខាភិបាលទំនើប ធ្វើយ៉ាងណាឳ្យការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីសុខាភិបាលនៅគ្រប់មូលដ្ឋានទាំងអស់ទទួលបានជោកជ័យខ្ពស់បំផុត ដើម្បីជាឳត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះនៅតំបន់ដាច់ស្រយ៉ាល ។
លោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះគឺ មានបេសកកម្មធ្វើសកម្មភាព ពិនិត្យ និងព្យាបាលជំងឺគ្រប់ទិសទីនៅទូទាំងប្រទេស ទៅតាមកម្មវិធីបេសកកម្មរបស់ខុទ្ទការល័យ និងសម្តេចចក្រី ហេង សំរិន ខណៈការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាស និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ដោយធ្វើបេសកកម្មក្នុងន័យមនុស្សធម៌ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ដែលជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគត់តែមួយ ។
សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមាហាចក្រី ហេង សំរិន និងធ្វើការពិនិត្យ ព្យាបាល ជំអឺទូទៅជូនប្រជាពលរដ្ឋក្រុងសួង ខេត្តត្បូងឃញមុំ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ ខណៈតាមគម្រោងអាចទទួលប្រជាពលរដ្ឋដែលមកទទួលសេវាប្រម៉ាណ ១៥០០ នាក់៕










