តាកែវ ៖ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តម សុខ ផេង បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការចូលថវិការដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល និងផ្សព្វផ្សាយកលល្បិចឃោឃៅរបស់ពួកប្រឆាំងលើបញ្ហា CLV-DTA ជាមួយក្រុមការងារចុះមូលដ្ឋានឃុំ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ក្នុងស្រុកទ្រាំង នៅថ្ងៃ សៅរ៍ ទី ៣១ ខែ សីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងបន្តថាកន្លងមកនេះក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស បានធ្វើការញុះញង់អូសទាញប្រជាពលរដ្ឋនិងមន្រ្តីរាជការអោយក្រោកឈរប្រឆាំងជាមួយរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងសហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA ដោយចោទប្រកាន់ថារាជរដ្ឋាភិបាលធ្វើអោយបាត់បង់ទឹកដី។ ផ្ទុយទៅវិញកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ខេត្តទាំង៤ បានយ៉ាងច្រើននិងបានធ្វើអោយជីវភាពបងប្អូនប្រជាពលរដ្ឋនៅខេត្តទាំង៤បានល្អប្រសើរថែមទៀតផង។
ក្នុងឱកាសនោះដែរឯកឧត្តម សុខ ផេង សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បថ្លែងថា ថ្មីៗនេះរដ្ឋាភិបាលបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលការបង្កើតមូលនិធិនេះមានគោលបំណងគៀងគរថវិកាបន្ថែម សម្រាប់អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែន។ ទន្ទឹមនឹងនេះមានបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេសបាទអបអរសាទរ បង្ហាញការគាំទ្រនិងចូលរួមថវិកាដល់មូលនិធិនេះយ៉ាងច្រើន ដែលនេះបង្ហាញឲ្យឃើញថាបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការរបស់យើងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមិននាំគ្នាជឿតាមការញុះរបស់ក្រុមប្រឆាំងមួយស្ដាប់តូចនៅក្រៅប្រទេសនោះទេ។
ជាចុងក្រោយឯកឧត្តម ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើការកត់ឈ្មោះបងប្អូនប្រជាពលរដ្ឋដែលចូលថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីរាជរដ្ឋាភិបាល ចេញលិខិតថ្លែងឣំណរគុណជូនបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការផងដែរ៕





