ការប្រមូលផ្តុំប្រឆាំងសង្រ្គាមទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅទូទាំងប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងនឹងការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាដើម្បីបញ្ចេញសំឡេងប្រឆាំងនឹងគោលនយោបាយយោធា និងការទូតរបស់រដ្ឋាភិបាល ហើយបានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីតាមរយៈការទូត និងការសន្ទនាចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។
សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់បានដាំក្បាលចុះ ហើយអតិផរណា បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែឥទ្ធិពលនៃជម្លោះ ដែលធ្វើឲ្យមានការមិនពេញចិត្តជាសាធារណៈកាន់តែខ្លាំង។ ជនជាតិអាល្លឺម៉ង់ជាច្រើនកំពុងប្រឆាំងកាន់តែខ្លាំងចំពោះការចូលរួមផ្នែកយោធាបន្ថែមទៀតរបស់រដ្ឋាភិបាលពួកគេនៅក្នុងជម្លោះនេះ។
កាលពីថ្ងៃសៅរ៍ ក្រុមបាតុកររាប់រយនាក់មកពីទូទាំងប្រទេស បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ឌូហ្សលដូហ្វ (Dusseldorf) របស់ប្រទេសអាល្លឺម៉ង់។ ពួកគេបានគ្រវីបដា ប្រឆាំងសង្គ្រាម និងស្រែកពាក្យស្លោកទាមទារសន្តិភាព។
ក្រុមអ្នកតវ៉ានិយាយថា យើងចង់បានទំនាក់ទំនងល្អ និងសន្តិភាពជាមួយប្រទេសជិតខាងរបស់យើងទាំងអស់នៅអឺរ៉ុប និងក្នុងពិភពលោក។ ពួកគេក៏គិតដែរថារុស្ស៊ីជាផ្នែកមួយនៃអឺរ៉ុប។ពិតជារឿងអាម៉ាស់ណាស់ចំពោះអ្វីដែលពួកគេកំពុងធ្វើ ដោយការបញ្ជូនអាវុធទៅប្រទេសអ៊ុយក្រែនដើម្បីចាក់ប្រេងបន្ថែមលើភ្លើងដែលកំពុងឆាបឆេះ៕