ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយសំអាងប្រភពពីមន្ត្រីអាមេរិក ថា សហរដ្ឋអាមេរិក មិនអាចផ្តល់ឱ្យទីក្រុងគីវនូវប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព MGM-140 (ATACMS) នាពេលអនាគតដ៏ខ្លីខាងមុខបានទេ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក រ៉ូស្ទឹម អ៊ូម៉េរ៉ូវ ( Rustem Umerov) បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅមន្ទីរបញ្ចកោនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជំនួយយោធាបន្ថែម។
ក្នុងអំឡុងកិច្ចប្រជុំនោះលោកត្រូវបានគេរាយការណ៍ថា បានបង្ហាញបញ្ជីគោលដៅដ៏មានសារៈសំខាន់ខ្ពស់ ដែលទីក្រុងគីវ ចង់វាយប្រហារដោយជ្រៅនៅក្នុងប្រទេសរុស្ស៊ីដោយប្រើអាវុធផលិតដោយអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN បន្ទាប់ពីកិច្ចប្រជុំនោះ លោក អ៊ូម៉េរ៉ូវ បានអះអាងថា អ៊ុយក្រែនកំពុងជំរុញឱ្យលុបចោលការរឹតបន្តឹងការប្រើអាវុធ ATACMS សម្រាប់ការការពារខ្លួនដោយលើកហេតុផលថា អាកាសយានដ្ឋានដែលត្រូវបានប្រើដើម្បីវាយប្រហារទីក្រុងរបស់យើងគឺស្ថិតនៅក្នុងជួរនៃការវាយប្រហារយ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់ទូរទស្សន៍នេះថា គោលដៅជាច្រើននៅក្នុងបញ្ជីដែលអ៊ុយក្រែនចង់បាន តាមពិតគឺនៅក្រៅជួររបស់មីស៊ីល៕