កោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់ប្រទេសចិនពីបទធ្វើអន្តរាគមន៍តាមអំពើចិត្ត បន្ទាប់ពីសេចក្តីប្រកាសរួមរបស់បណ្ដាមេដឹកនាំប៉ាស៊ីហ្វិក ត្រូវបានកែប្រែដើម្បីដកចេញការលើកឡើងអំពីកោះនេះ។
អាជ្ញាធរការបរទេសកោះនេះបានប្រាប់សារព័ត៌មាន AFP នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កោះតៃវ៉ាន់ បានរិះគន់យ៉ាងខ្លាំងលើការធ្វើអន្តរាគមន៍របស់ប្រទេសចិន និងសកម្មភាពមិនសមហេតុផល ដែលបានប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។
កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងថាជាទឹកដីរបស់ខ្លួននោះ ក៏បានអំពាវនាវឱ្យ បណ្តាប្រទេសដែលមានគំនិតដូចគ្នាទាំងអស់ តាមដានសកម្មភាពរបស់ចិនឱ្យបានដិតដល់ ដើម្បីការពារភាពសុខដុមរមនា និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃប្រទេសកោះប៉ាស៊ីហ្វិក ផងដែរ។
ការបដិសេធនេះបានកើតឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រុមមេដឹកនាំប៉ាស៊ីហ្វិកត្រូវបានចេញជាថ្មីអមដោយការលើកឡើងអំពីកោះតៃវ៉ាន់ដែលត្រូវបានដកចេញបន្ទាប់ពីប្រទេសចិនរិះគន់ថាជាកំហុស ដែលត្រូវតែកែតម្រូវ។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ នៅលើគេហទំព័ររបស់វេទិការួម មានកថាខណ្ឌមួយដែលមានចំណងជើងថា ទំនាក់ទំនងជាមួយកោះតៃវ៉ាន់/សាធារណរដ្ឋចិន ដោយលើកឡើងថា «បណ្ដាមេដឹកនាំបានអះអាងឡើងវិញនូវការសម្រេចចិត្តរបស់មេដឹកនាំឆ្នាំ១៩៩២ ស្តីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់/សាធារណរដ្ឋចិន»។
សេចក្តីថ្លែងការណ៍នោះត្រូវបានដកចេញពីគេហទំព័រ កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានប្រតិកម្មតបយ៉ាងខ្លាំងពីប្រទេសចិន ហើយឯកសារថ្មីមួយ ត្រូវបានបង្ហោះនៅព្រឹកថ្ងៃសៅរ៍នេះបានលុបចោលនូវឃ្លាដែលនិយាយពីក្ដីបារម្ភចំពោះទំនាក់ទំនងរបស់ប្លុកនេះជាមួយកោះតៃវ៉ាន់ ។សូមបញ្ជាក់ថាក្នុងចំណោមប្លុកនេះក៏មានប្រទេសខ្លះគាំទ្រកោះតៃវ៉ាន់ដែរ៕