អាហ្វហ្គានីស្ថាន៖ ក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកសុខភាពនៅទីក្រុងកាប៊ុល ត្រូវបានកាត់បន្ថយម៉ោងធ្វើការព្រោះតែប្រាក់ខែតិច ឬគ្មានប្រាក់ខែតែម្ដង ហើយមន្ទីរពេទ្យកំពុងប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរក្នុងពេលមួយខែ ចាប់តាំងពីពួកតាលីបង់ដណ្តើមកាន់កាប់អាហ្វហ្គានីស្ថានទាំងស្រុង។

ខណៈអ្នកជំងឺរបស់ខ្លួនប្រឈមនឹងការស្លាប់ដោយសារខ្វះថ្នាំពេទ្យ វេជ្ជបណ្ឌិតម្នាក់ដែលនិយាយទៅកាន់ទូរទស្សន៍ Sky News របស់ចក្រភពអង់គ្លេស បានអង្វរសហគមន៍អន្តរជាតិកុំទុកប្រទេសអាហ្វហ្គានីស្ថានចោល។ ប្រជាជនមានការព្រួយបារម្ភផងដែរថា ពួកគេប្រហែលជាត្រូវបាត់បង់ប្រាក់សន្សំ និងកន្លែងឈរតម្រង់ជួរប្រចាំថ្ងៃរបស់ពួកគេនៅមុខធនាគារ ក្នុងការប៉ុនប៉ង់ដោយឥតប្រយោជន៍ដើម្បីដកប្រាក់ផ្ទាល់ខ្លួន។ នៅចំពោះមុខនៃបញ្ហាថ្មីទាំងឡាយ ក្រុមតាលីបង់មានបំណងចង់ចង្អុលបង្ហាញពីគុណវិបត្តិនៃរបបដឹកនាំមុន ហើយបានបង្ហាញទូរទស្សន៍ Sky News នៅជុំវិញវិមានដ៏ប្រណីតរបស់អតីតអនុប្រធានាធិបតី និងជាអតីតមេដឹកនាំសង្គ្រាមលោក Abdul Rashid Dostum ។
អគារនេះត្រូវបានកាន់កាប់ដោយក្រុមយុទ្ធជនតាលីបង់ ប៉ុន្តែត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃអំពើពុករលួយ និងការធ្លាក់ចុះរបស់អតីតរដ្ឋាភិបាល ខណៈដែលប្រជាជនសាមញ្ញរស់នៅក្នុងភាពក្រីក្រ។ ឥឡូវនេះសហគមន៍អន្តរជាតិកំពុងពិភាក្សាអំពីវិធី ដើម្បីទទួលបានជំនួយដែលជាតម្រូវការចាំបាច់ខ្លាំង ទៅដល់ដៃប្រជាជនអាហ្វហ្គានីស្ថានធម្មតាទាំងនេះ ដើម្បីកុំឲ្យចូលទៅក្នុងហោប៉ៅក្រុមមេដឹកនាំថ្មីតាលីបង់៕
អត្ថបទ៖ សុខមាន