ការព្យាករបានបង្ហាញថា គណបក្ស ជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) កំពុងស្ថិតនៅលើផ្លូវក្លាយជាបក្សស្តាំនិយមជ្រុលដំបូងគេដែលឈ្នះការបោះឆ្នោតតំបន់នៅអាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ដោយផ្តល់ឱ្យបក្សនេះនូវឥទ្ធិពលដែលមិនធ្លាប់មាន ទោះបីជាបក្សផ្សេងទៀតប្រាកដថានឹងដកក្រុមស្ដាំនិយមជ្រុលនេះមិនឱ្យកាន់តំណែងក្នុងជួរនយោបាយក៏ដោយ។

បក្ស AfD ត្រូវបានកំណត់ថានឹងឈ្នះ ៣៣,២ភាគរយ នៃការបោះឆ្នោតនៅក្នុងរដ្ឋភាគខាងកើត ធូរីងងិន (Thuringia) លើសក្រុមអភិរក្សនិយមដែលបានត្រឹមតែ ២៣,៦ភាគរយ ប៉ុណ្ណោះក្នុងការព្យាកររបស់ទូរទស្សន៍ ZDF កាលពីថ្ងៃអាទិត្យ (០១ កញ្ញា) ដោយនោះជាតួលេខដែលអាចឱ្យបក្សស្ដាំនិយមនេះរារាំងការសម្រេចក្នុងសភា ដែលទាមទារសំឡេងភាគច្រើនពីរភាគបី បើសិនជាខ្លួនឈ្នះអាសនៈច្រើនក្នុងសភា។

ការតែងតាំងចៅក្រម ឬមន្ត្រីសន្តិសុខជាន់ខ្ពស់គឺស្ថិតក្នុងចំណោមការសម្រេចចិត្តបែបនេះ។ ប្រសិនបើបក្ស AfD ដឹកនាំនៅរដ្ឋ ធូរីងងិន ដោយលោក ប្យ៉ន ហេកឃើ (Bjoern Hoecke) ដែលជាអ្នកនយោបាយដ៏ជ្រុលនិយមបំផុត និងចម្រូងចម្រាសបំផុតរបស់បក្ស រារាំងការសម្រេចចិត្តណាមួយក្នុងសភា នោះអាចធ្វើឱ្យចុះខ្សោយដល់ប្រព័ន្ធនយោបាយអាល្លឺម៉ង់ ដែលបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ក្នុងពេលជាច្រើនទស្សវត្សដើម្បីទប់ទល់នឹងកងកម្លាំងស្តាំនិយមជ្រុល។

នៅរដ្ឋជិតខាង ហ្សាកសិន (Saxony) ការព្យាករបង្ហាញថាក្រុមអភិរក្សនិយម ដែលគ្រប់គ្រងរដ្ឋនេះតាំងពីឆ្នាំ១៩៩០មក ទទួលបានសំឡេង ៣១,៥ភាគរយ ដែលនាំមុខត្រឹមតែ ១,១ភាគរយប៉ុណ្ណោះលើសបក្ស AfD។ ប្រមុខរដ្ឋអភិរក្សនិយម លោក ម៉ឆែល គ្រែតស្មា (Michael Kretschmer) ដែលបានសាទរលទ្ធផលនេះថាជាជោគជ័យដំធំ បានស្តីបន្ទោសការកើនឡើងនៃក្រុមស្តាំនិយមជ្រុលទៅលើសម្ព័ន្ធសង្គមប្រជាធិបតេយ្យ (SPD) ដ៏ប្រេះស្រាំរបស់លោកអធិការបតី អូឡា សូស (Olaf Scholz) នៅទីក្រុងប៊ែរឡាំង។
ដោយនៅសល់មួយឆ្នាំទៀតរហូតដល់ការបោះឆ្នោតជាតិអាល្លឺម៉ង់ លទ្ធផលនេះកំពុងដាក់សម្ពាធលើក្រុមចម្រុះរបស់លោក Scholz ។ បក្សកាន់អំណាចទាំងបីបានបាត់បង់សំឡេងគាំទ្រ ដោយមានតែសម្ព័ន្ធ SPD របស់អធិការបតីអាល្លឺម៉ង់រូបនេះប៉ុណ្ណោះដែលអាចបានសំឡេងលើសកម្រិត ៥ភាគរយ ដែលត្រូវការដើម្បីបន្តនៅក្នុងសភា៕