ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួនពីរភូមិគឺភូមិអូរក្រវ៉ាន់ និងភូមិដូនកែនសែនជ័យ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រេកអរសប្បាយរីករាយ និងទទួលបានផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែ ក្នុងមូលដ្ឋានរបស់គាត់ ខណៈកន្លងមកផ្លូវក្នុងមូលដ្ឋាននេះ បានរងការខូចខាតមានពិបាកក្នុងដំណើរក្នុងរដូវវស្សាម្តងៗនោះ។
លោកស្រី ភាព វ័យ៦០ឆ្នាំរស់នៅភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង បានសម្តែងនូវការត្រេកអរសប្បាយរីករាយយ៉ាងខ្លាំង ខណៈបច្ចុប្បន្ននេះ ក្នុងមូលដ្ឋានភូមិរបស់គាត់មានផ្លូវកៅស៊ូ និងផ្លូវបេតុង ជាច្រើនខ្សែក្នុងមូលដ្ឋាននោះ។
លោកស្រី បានបន្តថា កន្លងមកផ្លូវក្នុងមូលដ្ឋានទាំងពីរភូមិនេះ មានការលំបាកខ្លាំងណាស់នៅរដូវវស្សាក៏ដូចជារដូវប្រាំងគឺមានជង្ហុក ក្រឡុក ធំៗលក្ខណៈសំបុកមាន់ច្រើនកន្លែងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀត ពិសេសនោះការដឹកកសិកផលរបស់បងប្អូនប្រជាពលរដ្ឋ។
លោកស្រី បានបញ្ជាក់ថា កត្តាទាំងអស់នេះហើយ គឺដោយសារតែយើងមានថ្នាក់ដឹកនាំល្អនិងមានសុខសន្តិភាព សេរីភាព សន្តិសុខសង្គមល្អប្រសើរនោះទើបយើងមានការអភិវឌ្ឍរីកចម្រើនបានលើគ្រប់វិស័យមកដល់សព្វថ្ងៃ រាល់ហេដ្ឋារចនាសម្ព័ន្ធនានានោះផងដែរ៕



