សហជីព យូណាយ ហៀ (Unite Here) បាននិយាយថា បុគ្គលិកសណ្ឋាគារអាមេរិកប្រហែល ១០.០០០នាក់ បានចាប់ផ្តើមធ្វើកូដកម្មរយៈពេលច្រើនថ្ងៃនៅក្នុងទីក្រុងជាច្រើនទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (០១ កញ្ញា) បន្ទាប់ពីការចរចាលើកិច្ចសន្យាការងារថ្មីជាមួយប្រតិបត្តិករសណ្ឋាគារ មែររៀត (Marriott International), ហ៊ីលតុន (Hilton Worldwide) និង ហ៊ីយ៉ាត់ (Hyatt Hotel) បានជាប់គាំង។

សហជីព Unite Here ដែលតំណាងឱ្យបុគ្គលិកនៅក្នុងសណ្ឋាគារ កាស៊ីណូ និងអាកាសយានដ្ឋាននៅទូទាំងសហរដ្ឋអាមេរិក និងកាណាដា បាននិយាយថា កម្មកររាប់ពាន់នាក់នៅសណ្ឋាគារចំនួន ២៤កន្លែងកំពុងធ្វើកូដកម្មនៅក្នុងទិសដៅទេសចរណ៍សំខាន់ៗមួយចំនួនក្នុងរដ្ឋកាលីហ្វ័រនីញ៉ា (California) ហាវ៉ៃ (Hawaii) និងកន្លែងផ្សេងទៀត ជាមួយនឹងកម្មករមកពីទីក្រុងជាច្រើនត្រៀមខ្លួនដើម្បីចូលរួមកូដកម្មនេះ ក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្ម (Labor Day) នៅអាមេរិក។

កូដកម្មកំពុងកើតឡើងក្នុងពេលដែលឧស្សាហកម្មកម្សាន្តប្រឈមនឹងកំណើន ៩ភាគរយនៃការធ្វើដំណើរក្នុងស្រុកក្នុងទិវាពលកម្មនៅចុងសប្តាហ៍នេះបើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យកក់សណ្ឋាគាររបស់សមាគមសេវាកម្ម AAA ។ សហជីពបានឱ្យដឹងថា បុគ្គលិកសណ្ឋាគារកំពុងហត់នឿយយ៉ាងខ្លាំង ដោយថ្នាក់គ្រប់គ្រងតែងតែចាត់បុគ្គលិកបីនាក់ឱ្យធ្វើការងារដែលតម្រូវឱ្យមនុស្សបួននាក់ធ្វើ។ នេះនាំឱ្យមានភាពតានតឹងហួសហេតុសម្រាប់បុគ្គលិក និងការផ្តោតលើល្បឿនការងារជាជាងសេវាកម្មល្អ។
កូដកម្មនេះក៏កើតឡើងនៅពេលដែលសមាជិក ៤០.០០០នាក់របស់សហជីព Unite Here នៅទូទាំងទីក្រុងចំនួន២០ ប្រឈមនឹងកិច្ចសន្យាដែលផុតកំណត់នៅឆ្នាំនេះ។ ការចរចាសម្រាប់កិច្ចសន្យាថ្មីរយៈពេល ៤ឆ្នាំបានធ្វើឡើងចាប់តាំងពីខែឧសភាមក ហើយកម្មករប្រហែល ១៥.០០០នាក់ក្នុងចំណោមនោះបានចាប់ផ្ដើមធ្វើកូដកម្មនៅក្នុងទីផ្សារចំនួន១២ទីតាំងទូទាំងអាមេរិក៕