គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន បានប្រកាសគាំទ្រនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ហើយបានអំពាវនាវឲ្យអ្នកគាំទ្រខ្លួនចូលរួមជាមួយមូលនិធិនេះ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ហើយក៏ជាការរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារជាតិ និងកសាងផ្លូវនៅតាមក្រវាត់ព្រំដែនកម្ពុជាឲ្យកាន់តែល្អប្រសើរ បន្ថែមទៀតផងដែរ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីចូល រួមសំណេះសំណាល ជាមួយអ្នកតស៊ូ និងសមាជិក សមាជិកាគណបក្សមកពីរាជធានី-ខេត្ត នៅទីស្នាក់ការ កណ្តាលគណបក្សរាជធានីភ្នំពេញ ឯកឧត្តម ញឿន រ៉ាដែន អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិចគាំទ្រជានិច្ចចំពោះគោលនយោបាយណា ដែលនាំឲ្យចំណេញដល់ប្រ ជាជន និងប្រទេសជាតិ ហើយទាក់ទងនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាការផ្តួចផ្តើមដោយរាជរដ្ឋាភិបាលនេះ ក្នុងនាមឯកឧត្តមជាតំណាងរាស្រ្តមកពីកូតាគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចូលរួមថវិកាផងដែរតាមរយៈរដ្ឋសភា ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និង សមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ចូលរួមបរិច្ចាគថវិកាចំពោះគម្រោងនេះឲ្យបានគ្រប់ៗ គ្នាផងដែរ។
រាជារដ្ឋាភិបាលបានសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយ ព្រំដែន ដោយកម្មវិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិង ក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម។
សូមបញ្ជាក់ថាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធពិធីជួបជុំអតីតអ្នកតស៊ូ ដែលធ្លាប់បានដង្ហែ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្រោមព្រះអធិបតីភាព ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅទីស្នាក់ការកណ្តាល ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រឹទ្ធាចារ្យ អតីតអ្នកតស៊ូ និងថ្នាក់ដឹកនាំគណបក្ស សមាជិក សមាជិកា មកពីគ្រប់រាជធានី ខេត្ត ប្រមាណ ២០០នាក់ ។
នៅក្នុងពិធីដ៏នក្ខត្តឬក្សនេះផងដែរ ក៏មានការនិមន្តព្រះសង្ឃស្វាធ្យាជយោន្តតោ បង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិសមហាកុសល និងជាការរំលឹកគុណ ដឹងគុណ ជូនដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រមទំាងវិញ្ញាណក្ខន្ធវីរជនអ្នកតស៊ូ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា និង ព្រះមហាក្សត្រ៕ អត្ថបទ៖ បាន ចក់






