ស្វាយរៀង ៖ អ្នកជំងឺចំនួន៣៩៥នាក់ ស្ថិតនៅភូមិសាស្ត្រភូមិកំពង់ត្រាច និងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានបញ្ចប់ការព្យាបាលជំងឺ បន្ទាប់ពីពួកគាត់បាន ឆ្លងជំងឺកូវីដ១៩ ដោយមិនដឹងខ្លួន ហើយនៅបន្តលក់ដូរនៅក្នុងផ្សារកំពង់ត្រាច កាលពីប៉ុន្មានសប្តាហ៍មុននេះ។
លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រាប់តាមសារតេឡេក្រាមឲ្យដឹងថា អ្នកជំងឺចំនួន៣៩៥នាក់ដែលបានរងឆ្លងជំងឺកូវីដ១៩ ពីក្រុមអាជីវករមួយក្រុម ដែលប្រកបរកស៊ីលក់ដូរនៅក្នុងផ្សារកំពង់ត្រាច កាលពីប៉ុន្មានសប្តាហ៍មុន បច្ចុប្បន្នបានជាសះស្បើយអស់ហើយ នឹងបានចាកចេញទៅប្រកបរបរផ្សេងៗ នៅតាមគ្រួសារ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ពិនិត្យតាមដាន និងព្យាបាលដល់ពួកគាត់ ។
លោក បានបន្តថា នៅក្នុងព្រឹត្តិការណ៍ ឆ្លងជំងឺកូវីដ១៩ ទៅលើពលរដ្ឋជិត៤០០នាក់ នៅក្នុងភូមិសាស្ត្រឃុំកំពង់ត្រាច ត្រូវបានរដ្ឋបាលខេត្តបិទខ្ទប់ភូមិចំនួន២ រួមមាន ភូមិ តាត្រាវ ភូមិកំពង់ត្រាច និងផ្សារមួយកន្លែងមនុស្សចំនួនជាង៥ពាន់នាក់ ត្រូវបានរដ្ឋបាលខេត្ត និងក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះយកសំណាក និងដាក់អោយធ្វើចត្តាឡីស័ក ក្រោមការឃ្លាំមើលពីក្រុមគ្រូពេទ្យ ។
លោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រមាសហែក មានពលរដ្ឋបានវិលចូលមកភូមិសាស្រ្តស្រុកវិញ ប្រមាណជាង ៥ពាន់នាក់ ក្នុងនោះរដ្ឋបាលខេត្តបានតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃនឹង២១ ថ្ងៃនៅកន្លែងប្រមូលផ្ដុំ និងនៅតាមគ្រួសាររួចរាល់ហើយដែរ ខណៈពលរដ្ឋចំនួន៨នាក់បានឈឺស្លាប់ ហើយភូមិទាំង២ និងផ្សារកំពង់ត្រាច ត្រូវបានបើកឲ្យក្រុមអាជីវករប្រកបរបរឡើងវិញ បន្ទាប់ពីរដ្ឋបាលខេត្ត ចុះធ្វើជីវៈសុវត្ថិភាព និងបាញ់ថ្នាំសម្លាប់មេរោគ ៕
អត្ថបទ ៖ ភា សារិទ្ធ




