អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទ (០២ កញ្ញា) នេះថា ស្ត្រីម្នាក់បានស្លាប់ និងមនុស្សជាង ១២០.០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគខាងត្បូងប្រទេសអូស្ត្រាលី។ សេវាសង្គ្រោះបន្ទាន់និយាយថា ស្ត្រីវ័យ ៦៣ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីដើមឈើដួលសង្កត់នៅសួនកម្សាន្តមួយកន្លែងនៅព្រំដែនរដ្ឋរវាងរដ្ឋ វីកតូរៀ (Victoria) និង ញូវសៅវែលស៍ (New South Wales)។

រដ្ឋមន្រ្តីប្រចាំរដ្ឋ Victoria លោកស្រី ចាស៊ីនថា អាឡាន (Jacinta Allan) បានប្រាប់សន្និសីទសារព័ត៌មានថា សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Victoria បានទទួលការហៅទូរស័ព្ទសង្រ្គោះជាង ២.៨០០ដងពេញមួយយប់ ដែលភាគច្រើនមកពីដើមឈើដួលរលំ និងការខូចខាតអគារ។ លោកស្រី Allan បន្តថាយ៉ាងហោចណាស់មនុស្ស ១២១.០០០គ្រួសារនៅតែគ្មានថាមពលប្រើប្រាស់នៅត្រឹមពេលថ្ងៃនៅថ្ងៃចន្ទនេះ ដោយធ្លាក់ចុះពីចំនួន ១៨០.០០០គ្រួសារកាលពីពេលព្រឹក។
ការព្រមានពីអាកាសធាតុនៅតែមានសម្រាប់ផ្នែកភាគច្រើននៃរដ្ឋនៅតំបន់ឆ្នេរភាគខាងត្បូង ខណៈខ្យល់បក់ក្នុងល្បឿនជិត ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហាររដ្ឋពេញមួយយប់។ ទីប្រឹក្សារដ្ឋាភិបាលរដ្ឋ Victoria នៅថ្ងៃចន្ទបានប្រាប់ប្រជាជនកុំឱ្យទៅតំបន់ឆ្នេរ ដោយសារតែទឹករលកដ៏គ្រោះថ្នាក់ ស្ថានភាពដីមិនល្អនៅតំបន់ច្រាំងថ្មចោទ និងទឹកជំនន់នៅតំបន់ទំនាប។
រដ្ឋកោះភាគខាងត្បូង ថាស្មានៀ (Tasmania) ក៏បានរងគ្រោះដោយអាកាសធាតុដ៏ធ្ងន់ធ្ងរនេះផងដែរ ដោយមនុស្សរាប់ពាន់នាក់ពុំមានថាមពលប្រើប្រាស់កាលពីថ្ងៃអាទិត្យ។ ខ្យល់ព្យុះនៅទូទាំងភាគខាងត្បូងនៃប្រទេស កើតឡើងបន្ទាប់ពីសីតុណ្ហភាពដ៏ខ្ពស់ក្នុងរដូវរងាជិត ៣០អង្សាសេអស់ពេលជាច្រើនថ្ងៃនៅទីក្រុងស៊ីដនី (Sydney) នៃរដ្ឋ New South Wales៕