ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្លាក់ទៅលើសាលារៀនមួយកន្លែង ដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួនជាច្រើននាក់ កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន យ៉ាងតិច១១នាក់ នៅទីក្រុងហ្កាហ្សា។

ឧបករណ៍ ត្រូវបានប្រើប្រាស់ដើម្បីព្យាយាមវាយបំបែកបេតុង ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងសាលារៀន Safad ក្រុង al-Zeitoun ជាយតំបន់ហ្កាហ្សា។

អ្នកនាំពាក្យការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា លោក Mahmoud Basal បាននិយាយថា ការវាយប្រហារ បានធ្លាក់ទៅលើស្លាបភាគខាងលិចនៃសាលារៀន ជាកន្លែងដែលមនុស្សកំពុងជ្រកកោន បន្ទាប់ពីត្រូវបានភៀសខ្លួនក្នុងអំឡុងពេលសង្រ្គាម។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងផ្អាកប្រយុទ្ធរយៈពេលខ្លីក្នុងសង្គ្រាមរយៈពេល១១ខែរបស់ពួកគេ ដើម្បីអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្កាហ្សា។
ប៉ុន្តែកងកម្លាំងអ៊ីស្រាអែល បានបន្តប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស ក្នុងតំបន់ជាច្រើននៅទូទាំងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។
អ្នកស្រុក បាននិយាយថា កងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោងលើលំនៅឋានជាច្រើនខ្នងនៅទីក្រុង Rafah ជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ខណៈ រថក្រោះនៅតែបន្តប្រតិបត្តិការនៅទីក្រុង Zeitoun ។
អាជ្ញាធរសុខាភិបាលរបស់ប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីន ៤០.៧៣៨នាក់ ត្រូវបានសម្លាប់ និង ៩៤.១៥៤នាក់ បានរងរបួសនៅក្នុងការវាយលុកដោយយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។