ក្រោយក្រសួងព័ត៌មានបានប្រកាសផ្សាយកម្មវិធីដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នៅពេលនេះ មានគ្រូបង្រៀន និងពលរដ្ឋនានា បានបង្ហាញការចាប់អារម្មណ៍ និងនាំគ្នា Scan QR code ចុះឈ្មោះចូលរួមក្នុងកម្មវិធីទស្សនកិច្ចទៅកាន់ទិសឦសាន ដើម្បីចង់ដឹងអំពីដំណើរការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន និងហេដ្ឋាចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែននៅភូមិភាគឦសានប្រទេសកម្ពុជា។
គ្រូបង្រៀន និងពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី ២ ខែកញ្ញានេះថា នៅពេលនេះ ពលរដ្ឋបានឃើញរួចហើយ អំពីការចុះឈ្មោះចូលធ្វើដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន របស់ក្រសួងព័ត៌មាន។ គ្រូបង្រៀន និងពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល លើកឡើងថា តាមរយៈដំណើរទស្សនកិច្ចនេះ គឺអាចធ្វើឲ្យពលរដ្ឋស្គាល់ភូមិសាស្ត្រ និងការអភិវឌ្ឍតំបន់ព្រំដែន និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន នៅទិសខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន សូមបញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ ត្រូវបានធ្វើឡើងនៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបានរៀបចំបែងចំនួន៣ ទីតាំង ក្នុងនោះទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី មានរយៈពេលពេញ១ថ្ងៃ។ ទីតាំងទី២ ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តក្រចេះ និងមណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់៕ អត្ថបទ ស៊ុម សុខជា





