នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល នឹងមិននៅស្ងៀមនោះទេ រហូតដល់ប្រទេសនេះចាប់បានអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់ចំណាប់ខ្មាំងចំនួន៦នាក់ ដែលសាកសពរបស់ពួកគេត្រូវបានយកចេញពីទីឃុំឃាំងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

លោក Netanyahu នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍បាននិយាយថា អ៊ីស្រាអែល បានប្តេជ្ញាចិត្តក្នុងការទទួលបានកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំង ដែលនៅសល់ និងធានាបានសន្តិសុខ របស់ប្រទេសអ៊ីស្រាអែល។
លោក Netanyahu បាននិយាយថា «អ្នកណាក៏ដោយដែលបានសម្លាប់ចំណាប់ខ្មាំង មិនចង់បានកិច្ចព្រមព្រៀងនោះទេ»។
កាលពីព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានរកឃើញសាកសពចំណាប់ខ្មាំង៦នាក់ ពីផ្លូវរូងក្រោមដីមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាកន្លែងដែលពួកគេ ត្រូវបានគេសម្លាប់មិនយូរប៉ុន្មាននោះទេ មុនពេលទាហានអ៊ីស្រាអែល បានចូលទៅដល់ពួកគេ។
លោកនិយាយថា សាកសពចំណាប់ខ្មាំងទាំង៦នាក់ ត្រូវបានគេរកឃើញនៅក្រោមដីក្នុងទីក្រុង Rafah ហើយបាននាំត្រលប់ទៅអ៊ីស្រាអែលវិញ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានតាមដានយ៉ាងដិតដល់នូវជោគវាសនារបស់ចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា បាននិយាយថា ចំណាប់ខ្មាំងទាំង៦នាក់នេះ នោះរួមមានជនជាតិអាមេរិក-អ៊ីស្រាអែល ម្នាក់ ។