សារព័ត៌មានហ្ស៊េរុយសាឡឹមប៉ុស្តិ៍ (Jerusalem Post) បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (សាបាក [Shabak]) បានធ្វើប្រតិបត្តិការវាយលុកជាង ១១.000លើក នៅតំបន់វេសបែង ចាប់តាំងពីខែតុលា ឆ្នាំមុន ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធជាង ៦០០នាក់។

យោងតាមសារព័ត៌មាននេះ មនុស្សប្រហែល ៥.000នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ទាំងនេះ ក្នុងនោះប្រហែល ២.០០០ នាក់ ដែលត្រូវបានគេកំណត់ថា ជាសមាជិកក្រុមហាម៉ាស។ ក្នុងអំឡុងពេលនេះ កម្លាំងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារប្រហែល ៧០លើកលើតំបន់វេសបែង ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រហែល ១០០នាក់។

ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា។ ក្រុមហាម៉ាស បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ ក្នុងទីក្រុងចាស់របស់រដ្ឋធានីហ្ស៊េរុយសាឡឹម។
ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសអំពីស្ថានភាពនៃការត្រៀមខ្លួនធ្វើសង្គ្រាមជាស្រេច ដោយបានប្រកាសពីការបិទតំបន់ហ្កាហ្សាស្ទ្រីបទាំងមូលដែលមានជនជាតិប៉ាឡេស្ទីន ២,៣លាននាក់ ហើយបានចាប់ផ្តើមការវាយប្រហារតាមអាកាសទៅលើដែនដីនេះ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី បន្ទាប់មកប្រតិបត្តិការជើងគោក នៅក្នុងតំបន់នេះ ។ ការប៉ះទង្គិច បាននិងកំពុងកើតមាន នៅតំបន់វេសបែងផង ដែរ។