ដោយថ្លែងទៅកាន់ RIA Novosti រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បានអះអាងថា ទីក្រុងតេអេរ៉ង់ នឹងមិនចុះចាញ់នឹងការបង្កហេតុបែបនេះទេ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ប្តេជ្ញាចៀសវាងការបង្កឲ្យកើនឡើងភាពតានតឹង។

លោក ឡាវរ៉ូវ បានចង្អុលដៃទៅកាន់ទីក្រុងតែលអាវីវ (Tel Aviv) ដោយលើកឡើងថា អ៊ីស្រាអែលហាក់ដូចជាដើរតួសំខាន់ ក្នុងការជំរុញឲ្យមានជម្លោះទ្រង់ទ្រាយធំរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលអាចអូសចូលទៅក្នុងប្រទេសជិតខាងថែមទៀតផង។ លោក បាននិយាយថា «វាហាក់ដូចជាថា ទីក្រុងតែលអាវីវ គឺជាភាគីតែមួយគត់ ដែលចង់ចាប់ផ្តើមសង្រ្គាមដ៏ធំមួយរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយមានអន្តរាគមន៍ពីប្រទេសជិតខាង។ លោក បានចោទអ៊ីស្រាអែលថា បានកេងចំណេញពីភាពតានតឹងក្នុងតំបន់បច្ចុប្បន្ន ដើម្បីបន្តរបៀបវារៈរបស់ខ្លួន។
ទោះបីជាមានការបង្កហេតុទាំងនេះក៏ដោយ លោក ឡាវរ៉ូវ បានគូសបញ្ជាក់ពីការអត់ធ្មត់របស់អ៊ីរ៉ង់។ លោក បានកត់សម្គាល់ថា៖«ខណៈពេលដែលមហាអំណាចលោកខាងលិច ព្យាយាមញុះញង់ប្រទេសអ៊ីរ៉ង់ សាធារណរដ្ឋឥស្លាមនេះ នៅតែមានការតាំងចិត្តក្នុងការសម្រេចចិត្តរបស់ខ្លួន មិនចូលរួមក្នុងសង្រ្គាមទ្រង់ទ្រាយធំទេ។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ក៏បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនងរវាងមហាអំណាចក្នុងតំបន់ ជាពិសេសរវាងទួរគី និងស៊ីរី។