ក្រសួងការបរទេសរបស់ប្រទេសកាតាកាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងទីក្រុងជេនីន ( Jenin) និងជំរំជនភៀសខ្លួននៅក្នុងទីក្រុងនេះ នៅភាគខាងជើងតំបន់វេសបែង។

ក្រសួង បានពណ៌នាប្រតិបត្តិការនេះថា ជា «ឧក្រិដ្ឋកម្មដ៏សាហាវ និងគួរឲ្យរន្ធត់» និងជា «ការរំលោភលើសេចក្តីសម្រេចស្របច្បាប់របស់អន្តរជាតិ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ «ផ្តល់ឲ្យប្រជាជនប៉ាឡេស្ទីននូវការការពារជាចាំបាច់ និងឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន» ដោយជំរុញឲ្យបញ្ចប់ «ការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ»។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់កាតាចំពោះបុព្វហេតុប៉ាឡេស្ទីន ដោយតស៊ូមតិ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ ដែលមានហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។

ចាប់តាំងពីថ្ងៃពុធមក អ៊ីស្រាអែល បានធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំនៅទូទាំងភាគខាងជើងតំបន់វេសបែង ដោយបញ្ជាក់ថា ប្រតិបត្តិការនេះ មានគោលបំណងទប់ស្កាត់ការវាយប្រហារនាពេលអនាគតប្រឆាំងនឹង អ៊ីស្រាអែល។