ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី ( Abdel-Fattah al-Sisi) និងព្រះអង្គម្ចាស់ អារ៉ាប៊ីសាអ៊ូឌីត ម៉ូហាម៉េដ ប៊ីន សាលម៉ាន អាល់ស៊ូដ ( Mohammed bin Salman Al Saud) កាលពីថ្ងៃអាទិត្យ បានពិភាក្សាអំពីវិធីបង្កើនសកម្មភាពរួម ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពក្នុងតំបន់។

ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ពួកគេបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការឈានដល់បទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងការបញ្ឈប់ការកើនឡើងភាពតានតឹង នៅតំបន់វេសបែង ដើម្បីស្ដារស្ថិរភាពក្នុងតំបន់។

ប្រទេសអេហ្ស៊ីប រួមជាមួយនឹងកាតា និងសហរដ្ឋអាមេរិក កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដើម្បីឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស-ចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយនឹងគោលដៅនៃការសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សា។
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល រយៈពេលជិត ១១ខែ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០.៧៣៨នាក់។