ចិន៖ អវកាសយានិកជនជាតិចិនចំនួន ៣នាក់បានបញ្ចប់បេសកកម្មមានក្រុមយានិករយៈពេលវែងបំផុតរបស់ប្រទេស ហើយបានចាប់ផ្តើមធ្វើដំណើរត្រឡប់មកកាន់ភពផែនដីវិញកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញាបន្ទាប់ពីរយៈពេល ៩០ថ្ងៃនៅស្ថានីយអវកាស Tiangong ដើម្បីធ្វើដំណើរលើលំហអាកាស និងពិសោធន៍ខាងវិទ្យាសាស្ត្រ។

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យានអវកាសផ្ទុកមនុស្សមានឈ្មោះថា Shenzhou-12 បានបំបែកខ្លួនដោយជោគជ័យពីម៉ូឌុលស្នូលរបស់ស្ថានីយអវកាស។ បេសកកម្មនេះគឺជាផ្នែកមួយនៃកម្មវិធីអវកាស ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរបស់ប្រទេសចិន ដែលបានមើលឃើញយានអវកាសរបស់ប្រទេសនេះចុះចតនៅលើភពអង្គាររួចទៅហើយ និងបញ្ជូនយានទៅកាន់ភពព្រះចន្ទទៀតផង។ សារព័ត៌មានអាកាសចិន Aerospace ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា យានដែលដឹកអវកាសយានិកចិនចំនួន ៣នាក់ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកភពផែនដីវិញនៅថ្ងៃសុក្រនេះ៕
អត្ថបទ៖ សុខមាន