ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃចន្ទ (០២ កញ្ញា) នេះថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងធ្វើជំរឿនប្រជាជនទូទាំងប្រទេស និងតាមក្រុមគ្រួសារនៅក្នុងខែតុលា ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតដែលបានសន្យានៅឆ្នាំ២០២៥ ស្របពេលមានជម្លោះដ៏ខ្លាំងក្លានៅទូទាំងប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ប្រមុខរបបសឹក លោក មីន អ៊ុងល៉ាំង (Min Aung Hlaing) បានប្រាប់កិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យថា ទិន្នន័យជំរឿនដែលប្រមូលបាននៅចន្លោះថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៥ ខែតុលា ខាងមុខនេះនឹងត្រូវប្រើដើម្បីរៀបចំការបោះឆ្នោតសកលនៅឆ្នាំក្រោយ។ ប្រមុខរបបសឹករូបនេះបាននិយាយនៅក្នុងសុន្ទរកថាដោយឡែកមួយថា «ជំរឿនអាចត្រូវបានប្រើប្រាស់ក្នុងការចងក្រងបញ្ជីឈ្មោះអ្នកបោះឆ្នោតឱ្យសមស្រប និងត្រឹមត្រូវ ដែលជាតម្រូវការមូលដ្ឋានសម្រាប់ការបោះឆ្នោតសកលតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស»។
ការបោះឆ្នោតដែលបានស្នើឡើងនេះ ត្រូវបានគេមើលយ៉ាងទូលំទូលាយថាជារឿងបោកប្រាស់ ហើយលទ្ធផលទំនងជាមិនត្រូវបានទទួលស្គាល់ដោយបណ្ដាប្រទេសលោកខាងលិចភាគច្រើនទេ ដោយគណបក្សរាប់សិបត្រូវបានរំសាយដោយសារមិនចុះឈ្មោះដើម្បីឈរបោះឆ្នោត រួមទាំងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលរដ្ឋាភិបាលសឹកបានផ្តួលរំលំផងដែរ។
ប្រទេសដែលមានប្រជាជនចំនួន ៥៥លាននាក់នេះ បានជួបភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក នៅពេលយោធាបានបានផ្ដួលរលំរដ្ឋាភិបាលរបស់មេដឹកនាំបក្ស NLD គឺលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដោយលើកឡើងពីការក្លែងបន្លំក្នុងការបោះឆ្នោតដែលបក្សនេះបានឈ្នះក្នុងសំឡេងគាំទ្រដ៏លើសលប់៕