អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បានហៅលទ្ធផលនៃការបោះឆ្នោតថ្នាក់តំបន់ចំនួនពីរដែលមើលឃើញកំណើនការគាំទ្រដ៏ធំរបស់បក្ស ជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) ស្តាំនិយមជ្រុល និងបរាជ័យក្នុងក្រុមចម្រុះរបស់លោក ថាជារឿង «ដ៏ជូរចត់ និងគួរឱ្យបារម្ភ»" ហើយបានជំរុញឱ្យបក្សធំៗបង្កើតរដ្ឋាភិបាលដោយគ្មាន «ពួកស្តាំនិយមជ្រុល»។
ការព្យាករកាលពីយប់ថ្ងៃអាទិត្យ (០១ កញ្ញា) បានបង្ហាញថា បក្ស AfD បានក្លាយជាបក្សស្តាំនិយមជ្រុលដំបូងគេដែលឈ្នះការបោះឆ្នោតនីតិបញ្ញត្តិរដ្ឋនៅអាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ជាមួយនឹងលទ្ធផលក្នុងការបោះឆ្នោតចុងសប្តាហ៍នៅរដ្ឋ ធូរីងងិន (Thuringia) ហើយបក្សនេះបានឈរក្នុងលំដាប់ទីពីរយ៉ាងជិតស្និទ្ធតាមពីក្រោយក្រុមអភិរក្សនិយមនៅរដ្ឋ ហ្សាកសិន (Saxony)។
លោក Scholz បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «លទ្ធផលសម្រាប់បក្ស AfD នៅរដ្ឋ Saxony និងរដ្ឋ Thuringia ជារឿងគួរឱ្យព្រួយបារម្ភណាស់។ បក្ស AfD កំពុងបំផ្លាញអាល្លឺម៉ង់ ហើយធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ ការបែកបាក់ក្នុងសង្គម និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេស»។
បក្ស AfD ដែលត្រូវបានចាត់ទុកថាជាពួកស្តាំនិយមជ្រុលដោយក្រុមមន្ត្រីសន្តិសុខនៅក្នុងរដ្ឋភាគខាងកើតទាំងពីររបស់អាល្លឺម៉ង់នេះ ទំនងជាមិនអាចគ្រប់គ្រងរដ្ឋទេព្រោះបក្សផ្សេងទៀតបដិសេធមិនសហការដើម្បីបង្កើតសំឡេងភាគច្រើន។ យ៉ាងណាក៏ដោយ គណបក្សជាតិនិយម ប្រឆាំងអន្តោប្រវេសន៍ និងមានទំនោរទៅខាងរុស្ស៊ីមួយនេះ អាចទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងរដ្ឋទាំងពីរដើម្បីរារាំងការសម្រេចចិត្តផ្សេងៗដូចជាការតែងតាំងចៅក្រម ឬមន្ត្រីសន្តិសុខជាន់ខ្ពស់ជាដើម៕