ក្រុមមន្ត្រីហ្វីលីពីន បានប្រាប់ឲ្យដឹងថា ព្យុះត្រូពិច Yagi បាននាំឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសរយៈពេល ២ថ្ងៃ នៅថ្ងៃចន្ទ (ទី២ ខែកញ្ញា) ដោយបង្កឲ្យមានជាទឹកជំនន់ និងបំណាក់ដី ដែលបានបណ្តាលឱ្យអ្នកស្លាប់យ៉ាងហោចណាស់ ៤នាក់ ក្នុងនោះរួមទាំងក្មេងស្រីអាយុ ៩ខែផងដែរ។
ក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា ទីក្រុង Naga ភាគខាងកើត ស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុត ខណៈព្យុះនេះបានបោកបក់ចេញពីម្ដុំឆ្នេររបស់ទីក្រុងនេះ កាលពីយប់ថ្ងៃអាទិត្យ (ទី១ ខែកញ្ញា) ដោយបានបណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់ ក្នុងនោះរួមទាំងទារកម្នាក់ដែលបានលង់ទឹក ក្នុងពេលដែលទឹកជំនន់ឡើងខ្លាំង។
អមដោយការបន្ថែមថា អ្នកស្រុករាប់រយនាក់ ត្រូវបានជួយសង្គ្រោះ លោក Joshua Tuazon នៃការិយាល័យសុវត្ថិភាពសាធារណៈរបស់ទីក្រុង បានប្រាប់សារព័ត៌មាន AFP ថា៖ «ទឹកជំនន់បានឡើងខ្ពស់រហូតដល់លិចក្បាល នៅតំបន់ខ្លះ»។
ជាមួយគ្នានេះ មនុស្សជាង ៣០០នាក់ នៅតែជ្រកក្នុងជំរុំជម្លៀសខ្លួន នៅថ្ងៃចន្ទ (ទី២ ខែសីហា) នេះ ដោយមន្ត្រីក្នុងតំបន់បាននិយាយថា ទឹកជំនន់នៅក្នុងទីក្រុងដែលមានមនុស្ស ២១០.០០០នាក់ បានស្រកយឺតៗ ដោយសារតែជំនោរទឹកសមុទ្រខ្ពស់។ សេវាអាកាសធាតុរដ្ឋ បានប្រាប់ថា ព្យុះ Yagi បានបក់បោកឆ្ពោះទៅភាគខាងជើងនៃឆ្នេរសមុទ្ររបស់កោះដ៏សំខាន់ Luzon នៅព្រឹកថ្ងៃចន្ទនេះ ជាមួយនឹងល្បឿនខ្យល់ ៧៥គីឡូម៉ែត្រ ក្នុង ១ម៉ោង។
ការព្រមានអំពីព្យុះត្រូវបានចេញនៅក្នុងតំបន់ដ៏ធំមួយនៃកោះ Luzon ជាតំបន់ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស ក្នុងនោះរួមទាំងនៅទីក្រុងម៉ានីល ជាកន្លែងដែលសាលារៀនគ្រប់កម្រិត និងការងាររដ្ឋាភិបាលភាគច្រើនត្រូវបានផ្អាកដោយសារអាកាសធាតុមានព្យុះ។
ការធ្វើដំណើរតាមសមុទ្រត្រូវផ្អាកជាបណ្ដោះអាសន្ន នៅកំពង់ផែមួយចំនួន ដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ ដោយធ្វើឲ្យជាប់គាំងដល់អ្នកដំណើរតាមសាឡាង និងកម្មករដឹកជញ្ជូនប្រហែល ២៤០០នាក់។ ជើងហោះហើរក្នុងស្រុកមិនតិចជាង ២៤វ៉ុល ក៏ត្រូវបានផ្អាកដូចគ្នាដែរ៕