នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងសមភាគីនូវែលសេឡង់ លោក Chris Luxon នៅ ថ្ងៃចន្ទ (ទី២ ខែកញ្ញា) នេះ បាននិយាយថា ពួកគេបានរួបរួមគ្នាអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់មួយ ក្នុងជម្លោះនៅតំបន់ហ្កាហ្សា និងការស្វែងរកដំណោះស្រាយរដ្ឋ២ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
លោក Luxon បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយថា៖ «យើងទាំង២ មានការរួបរួមយ៉ាងពេញទំហឹង ក្នុងការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ឲ្យភាគីទាំងអស់ចូលរួមការចរចា និងស្វែងរកដំណោះស្រាយរដ្ឋ២» ។
លោក Anwar បានបញ្ជាក់ថា ទស្សនវិស័យសម្រាប់បទឈប់បាញ់ មិនទាន់មានសង្ឃឹមទេនៅពេលនេះ ដោយនិយាយថា មានការខ្វះខាតការប្តេជ្ញាចិត្តពីប្រទេសនានា ជាពិសេសសហរដ្ឋអាមេរិក ដែលអាចបញ្ចេញឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ឈប់ជម្លោះនេះ។ លោក Anwar បាននិយាយថា៖ «ក្តីសង្ឃឹមតែមួយគត់ គឺការចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីប្រកាន់ជំហរមួយដ៏រឹងមាំ» ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីដែលមានប្រជាជនម៉ូស្លីមភាគច្រើន គឺជាអ្នកគាំទ្រដ៏រឹងមាំនៃបុព្វហេតុប៉ាឡេស្ទីន ហើយបានតស៊ូមតិជាយូរមកហើយនូវដំណោះស្រាយរដ្ឋ២ ចំពោះជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
លោក Anwar មានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំនយោបាយនៃក្រុមហាម៉ាសប៉ាឡេស្ទីន ប៉ុន្តែលោកបានអះអាងថា លោកមិនមានការពាក់ព័ន្ធនៅក្នុងគ្រឿងយុទ្ធោបករណ៍របស់ក្រុមនេះទេ៕