ជើងហោះហើរនៅអាកាសយានដ្ឋាន Ben Gurion ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសដ៏សំខាន់របស់អ៊ីស្រាអែល ត្រូវបានអាក់ខានចាប់ពីវេលាម៉ោង ៨ព្រឹក ម៉ោងក្នុងស្រុកនេះតទៅ ស្របពេលដែលប្រធានសហព័ន្ធសហជីពពាណិជ្ជកម្មអ៊ីស្រាអែលលោក Arnon Bar-David បានអំពាវនាវឲ្យមានកូដកម្មទូទៅនៅថ្ងៃចន្ទនេះ ដើម្បីដាក់សំពាធរដ្ឋាភិបាលអ៊ីស្រាអែលឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំណាប់ថ្នូជាមួយក្រុមហាម៉ាស់ ក្រោយចំណាប់ថ្នូរ ៦នាក់ ចាប់យកទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ត្រូវបានគេសម្លាប់ ហើយសាកសពត្រូវបានយកទៅកាន់ប្រទេសអ៊ីស្រាអែលវិញ ។
រូបភាពវីដេអូឃ្លីបពីសាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ ជើងហោះហើរជាច្រើនវ៉ុល ត្រូវបានពន្យាពេលនៅព្រឹកថ្ងៃចន្ទនេះ ។
កាលពីថ្ងៃអាទិត្យម្សិលមិញ បាតុកម្មទ្រង់ទ្រាយធំ បានធ្វើឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការស្លាប់ចំណាប់ថ្នូរ ៦នាក់នៅតំបន់ហ្កាហ្សា ស្របពេលការខកចិត្តបានកើតឡើងចំពោះការខកខានរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែ ក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងធ្វើឲ្យចំណាប់ថ្នូរអ៊ីស្រាអែលមានសេរីភាពឡើងវិញ ។
សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ថា ក្រុមបាតុករជិត ៥០ម៉ឺននាក់ នាំគ្នាតវ៉ានៅទីក្រុងហ្សេរុយសាឡឹម ទីក្រុងតែល អាវីវ និងទីក្រុងផ្សេងៗជាច្រើនទៀត ទាមទារឲ្យលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ធ្វើរឿងបន្ថែមទៀត ដើម្បីនាំយកចំណាប់ថ្នូរសេសសល់ ១០១នាក់ មកកាន់ផ្ទះវិញ ពោលគឺ ១ភាគ ៣នៃពួកគេត្រូវបានក្រុមមន្រ្តីអ៊ីស្រាអែល ប៉ាន់ស្មានថា ពួកគេបានស្លាប់ ៕