ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងមិនចូលរួមក្នុងពិធីបើកសម័យប្រជុំសភានោះទេ ដោយការសម្រេចបែបនេះនាំឲ្យលោកក្លាយជាមេដឹកនាំដំបូងរបស់ប្រទេសដែលបានធ្វើដូច្នេះ ក្នុងរយៈពេលជាង ៣ទស្សវត្សរ៍ ជាសញ្ញានៃជម្លោះទ្វេភាគី ដែលប៉ះពាល់ដល់ការរំពឹងទុករបស់រដ្ឋាភិបាល ដើម្បីសម្រេចបាននូវគំនិតផ្តួចផ្តើមគោលនយោបាយសំខាន់ៗ
បើយោងតាមសារព័ត៌មាន Yonhap News បានឲ្យដឹងថា លោក Yoon បានសម្រេចមិនទៅបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នេះទេ ដែលចាប់ផ្តើមនៅថ្ងៃសោរ៍ (ទី២ ខែកញ្ញា) នេះ វេលាម៉ោង ២រសៀល ម៉ោងក្នុងស្រុក ដោយលើកឡើងពី «សកម្មភាពឯកតោភាគី» របស់គណបក្សប្រឆាំង ក្នុងការជំរុញឲ្យមានរដ្ឋអាជ្ញាពិសេស និងនីតិវិធីចោទប្រកាន់ ដោយសារព័ត៌មាននេះបានបន្ថែមថា នេះគឺជាការកើតមាននូវករណីបែបនេះដំបូង ចាប់តាំងពីឆ្នាំ១៩៨៧។
មន្ត្រីម្នាក់នៅការិយាល័យប្រធានាធិបតី ក៏បានបញ្ជាក់អះអាងដល់សេចក្ដីរាយការណ៍នេះដែរ។ ការគ្មានវត្តមានរបស់លោក Yoon បង្ហាញនូវសញ្ញាពីការមានឧបសគ្គធំៗន្ថែមទៀតនៅខាងមុខ ខណៈដែលរដ្ឋបាលរបស់លោកជំរុញឲ្យមានគោលនយោបាយគាំទ្រអាជីវកម្មមួយចំនួន។
គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រទេសកូរ៉េខាងត្បូង បានប្រកាសអំពីអត្ថប្រយោជន៍នៃសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងពន្ធ ក្នុងនោះរួមទាំងការកាត់បន្ថយការយកពន្ធលើទ្រព្យសម្បត្តិដែលជាមរតក ពោលគឺការតព្វកិច្ចពន្ធមួយ ក្នុងចំណោមការយកពន្ធដ៏ធ្ងន់បំផុតរបស់ពិភពលោក ដោយសារប្រទេសនេះប្រឹងប្រែងជួយជំរុញភាគហ៊ុន និងលើកកម្ពស់សេដ្ឋកិច្ចក្រោមសម្ពាធពីប្រជាសាស្រ្តដែលមានវ័យចំណាស់ និងការថយចុះនៃការប្រើប្រាស់។ ចំណាត់ការនេះត្រូវការការយល់ព្រមពីសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង៕