ទោះបីជាត្រូវបានពិពណ៌នាដោយក្រុមមេដឹកនាំអឺរ៉ុបថា ជា «មិត្តនិងដៃគូ» ក៏ដោយ លោក Keir Starmer ដែលបានទទួលតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស កាលពីខែកក្កដា មិនបានបង្ហាញពីការបដិសេធ Brexit ឬការចូលរួមជាថ្មី ក្នុងទីផ្សារអឺរ៉ុបតែមួយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ រយៈពេល ៨ឆ្នាំ បន្ទាប់ពី Brexit បានធ្វើឲ្យទំនាក់ទំនងរបស់ចក្រភពអង់គ្លេសជាមួយ EU កាន់តែតានតឹង ការជ្រើសរើសរបស់Starmer យកអាល្លឺម៉ង់ និងបារាំងសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួន បង្ហាញពីបំណងប្រាថ្នាក្នុងការស្តារទំនាក់ទំនងឡើងវិញ ជាពិសេសនៅក្នុងពាណិជ្ជកម្មជាមួយសមាជិកសហភាពអឺរ៉ុប។
នៅក្នុងកិច្ចប្រជុំលើកទី៤នៃសហគមន៍នយោបាយអឺរ៉ុប (EPC) ដែលបានធ្វើឡើង នៅប្រទេសអង់គ្លេសកាលពីខែកក្កដា លោក Starmer បានបង្ហាញពីការត្រៀមខ្លួន ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងដ៏តានតឹងក្រោយ Brexit របស់ចក្រភពអង់គ្លេសជាមួយអឺរ៉ុប ជាពិសេសនៅពេលដែលតំបន់នេះ ជួបប្រទះ«បញ្ហាប្រឈមជាច្រើនជំនាន់»។
ដោយធ្វើតាមប្រពៃណីដ៏យូរនៃការមើលឃើញប្រទេសអាល្លឺម៉ង់ថា ពិតជាសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអឺរ៉ុប លោក Starmer បានចាប់ផ្ដើមដំណើរទស្សនកិច្ច នៅសហភាពអឺរ៉ុបរបស់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលលោក បានជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ សូល បាននិយាយថា ខ្លួន«ករាយ» ជាមួយនឹងការប្រកាសរបស់ Starmer ថា លោកនឹងស្វែងរក «ការចាប់ផ្តើមថ្មី» នៅក្នុងទំនាក់ទំនងជាមួយ EU។