នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បានជំរុញឲ្យហ្វីលីពីនបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងអស់នៃការរំលោភ និងបង្ករឿង ស្របពេលប្រទេសទាំង ២នៅតែមានជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ។
សេចក្តីអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning គឺជាការឆ្លើយតបនឹងសំនួរពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ នៅជិតតំបន់ថ្មប៉ប្រះទឹក Sabina ស្របពេលដែលប្រទេសទាំង ២ បានដាក់ការចោទប្រកាន់គ្នាទៅវិញទៅមកលើការបើកនាវាឆ្មាំល្បាតឆ្នេរបំបុកដោយចេតនានៅដែនជម្លោះមួយនោះ ។

វាគឺជាការប៉ះទង្គិចគ្នានៅក្នុងសមុទ្រលើកទី ៥ នារយៈពេល ១ខែកន្លងមកនេះ រវាងគូប្រជែងទាំង ២ ។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃចន្ទនេះ អ្នកស្រី Mao និយាយថា ហ្វីលីពីន បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន ជាមួយនឹងសកម្មភាពបង្ករឿងចុងក្រោយរបស់ពួកគេ ។
ទីក្រុងប៉េកាំងប្រកាសសិទ្ធិស្ទើតែសមុទ្រចិនខាងត្បូងទាំងមូល រួមទាំងតំបន់ខ្លះប្រកាសសិទ្ធិដោយហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម ។
ដែនទឹកដ៏សំខាន់នេះ ជាទីដែលរកបានប្រាក់ ៣សែនកោដិ៍ដុល្លារពីការឆ្លងកាត់ពាណិជ្ជកម្មប្រចាំឆ្នាំនោះ ត្រូវបានគេមានជំនឿថាសម្បូរដោយប្រេង និងឧស្ម័នធម្មជាតិ ក៏ដូចជាស្តុកត្រី ៕

