លីប៊ី៖ រថយន្តមកពីប្រទេសលីប៊ីជាច្រើនគ្រឿងបានចូលទៅក្នុងប្រទេសទុយនីស៊ីកាលពីថ្ងៃសុក្រ បន្ទាប់ពីព្រំដែនគោកដែលប្រទេសអាហ្វ្រិកខាងជើងទាំងពីរមានរួមគ្នា ត្រូវបានបើកឡើងវិញដោយប្រទេសទុយនីស៊ី។

ព្រំដែននេះត្រូវបានបិទរយៈពេល ៧មកហើយនៅក្នុងការសម្រេចចិត្តជាឯកតោភាគីធ្វើឡើងដោយប្រទេសទុយនីស៊ី នៅពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងវីរុសកូរ៉ូណា។ លោក Mustapha Abdel Kabir សកម្មជនម្នាក់ក្នុងចំណោមសកម្មជនជាច្រើន ដែលចូលរួមក្នុងកិច្ចពិភាក្សាបាននិយាយថា ព្រំដែនត្រូវបានបើកឡើងវិញ បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើករវាងអាជ្ញាធរប្រទេសលីប៊ី និងទុយនីស៊ី។ លោក Abdel Kabir បាននិយាយថា វិធានការនេះបានវិលមករកភាពប្រក្រតីដូចធម្មតា ហើយវានឹងកើនឡើងបន្តិចម្តងៗ។ ការបិទព្រំដែនបានប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាជនទុយនេស៊ីដែលធ្វើការនៅ ប្រទេសលីប៊ី និងប្រជាជនលីប៊ីដែលតែងតែស្វែងរកការព្យាបាលនៅប្រទេសទុយនីស៊ី។
ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ ក៏ត្រូវបានប៉ះពាល់ផងដែរក្នុងអំឡុងពេលបិទទ្វារព្រំដែន។ លោក Abdel Kabir និយាយថា វាមានសារៈសំខាន់ខ្លាំងសម្រាប់ ប្រទេសទាំងពីរ ពីព្រោះទីបំផុតយើងជាប្រជាជនតែមួយ។ ការចូលមករបស់ជនជាតិលីប៊ីមកកាន់ទឹកដីប្រទេសទុយនីស៊ី គឺត្រូវប្រកាន់យកពិធីសារសុខភាពដែលកំណត់ថា អ្នកដំណើរត្រូវបង្ហាញការធ្វើតេស្ត PCR អវិជ្ជមានវីរុស COVID-19 ដែលបានធ្វើឡើងមិនលើសពី ៧២ម៉ោងមុនពេលធ្វើដំណើរ។ ពួកគេត្រូវបញ្ជូនការសន្យាជាលាយលក្ខណ៍អក្សរ ក្នុងការដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ឬជាជម្រើសបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងការពារវីរុស COVID-19 ចំនួនពីរដូស៕
អត្ថបទ៖ ប៊ុនថន