ក្រសួងការបរទេសចិន និយាយនៅថ្ងៃចន្ទនេះថា នាវាចិនដែលឆ្លងកាត់ច្រកសមុទ្រ Tokara មានសិទ្ធិធ្វើដំណើរឆ្លងកាត់ ហើយវាស្របច្បាប់ទាំងស្រុង ។
សេចក្តីអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning គឺជាការឆ្លើយតបនឹងសំនួរពាក់ព័ន្ធនឹងការតវ៉ារបស់ជប៉ុន ក្រោយពួកគេនិយាយថា នាវាមួយគ្រឿងក្នុងចំណោមនាវាសង្កេតការយោធាចិន បើកចូលដែនទឹកជប៉ុនកាលពីថ្ងៃសៅរ៍ ។
អ្នកស្រី Mao Ning និយាយថា ច្រកសមុទ្រនៅក្នុងសំនួរ គឺត្រូវបានប្រើប្រាស់សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ ជាមួយនឹងសិទ្ធិធ្វើដំណើរឆ្លងកាត់ ។
ឧបទ្ទេវហេតុនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងជាលើកទី ២ ចូលក្នុងដែនទឹកជប៉ុនដោយយោធាចិន ក្នុងរយៈពេលតិចជាង ១សប្តាហ៍ ដែលនាវាដំបូង ត្រូវបានប្រទះឃើញនៅជិតំបន់ឆ្នេរខេត្ត Kagoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ។
សកម្មភាពយោធាចិននៅជិតជប៉ុន និងជុំវិញកោះតៃវ៉ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ទីក្រុងតូក្យូ ។
ជប៉ុនបានឆ្លើយតបវិញជាមួយនឹងការពង្រឹងវិស័យការពារជាតិ ដែលពួកគេនិយាយថា មានគោលដៅរារាំងទីក្រុងប៉េកាំងពីការប្រើប្រាស់កម្លាំងយោធា ដើម្បីជំរុញការប្រកាសសិទ្ធិដែនដីរបស់ពួកគេនៅក្នុងតំបន់ ៕