ពលរដ្ឋរស់នៅក្នុងទីក្រុង Vijayawada រដ្ឋធានីរដ្ឋភាគខាងត្បូង Andhra Pradesh ប្រទេសឥណ្ឌា បានជាប់ខ្លួននៅថ្ងៃចន្ទនេះ ក្រោយទឹកជំនន់ដ៏គំហក់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានជន់លិចតំបន់ជាច្រើន ។
ពលរដ្ឋត្រូវបានបង្ខំចិត្តដើរលុកទឹកត្រឹមចង្កេះនៅតាមផ្លូវរងការជន់លិច ស្របពេលក្រុមជួយសង្រ្គោះដែលត្រូវបានដាក់ពង្រាយនៅលើទូកពោង ព្យាយាមសង្រ្គោះមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្តែអ្នកស្រុកមួយចំនួននិយាយថា ការជួយសង្រ្គោះ ពុំគ្រប់គ្រាន់នោះទេ ។
អ្នកស្រុកមួយរូបនិយាយថា ឪពុកម្តាយរបស់ខ្ញុំនៅជាប់ខ្លួនក្នុងទឹកជំនន់ ។ គ្មានអាហារ និងទឹកសម្រាប់ពួកគេនោះទេ ។
លោកបន្តថា ក្រុមជួយសង្រ្គោះ និងក្រុមនគរបាល ពុំអាចទៅដល់ពួកគេឡើយ ។ គ្មាននរណាម្នាក់អាចជួយពួកគេបានឡើយ ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ អភិបាលរដ្ឋ Andhra Pradesh លោក Chandrababu Naidu និយាយថា ពួកគេនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយដល់អ្នករងផលប៉ះពាល់ ក្រោយកើតគ្រោះមហន្តរាយពុំបានរំពឹងទុកមុនបែបនេះ ។
ទោះបីជាការព្យាករណ៍លើកឡើងថា ព្យុះស៊ីក្លូននៅជិតតំបន់ឆ្នេរភាគខាងត្បូងរដ្ឋ Andhra Pradesh ថមថយកម្លាំងយ៉ាងណាក្តី ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌា នារយៈពេល ២៤ម៉ោងក្រោយ ៕


