ទូរទស្សន៍រដ្ឋ CCTVរាយការណ៍នៅថ្ងៃចន្ទនេះថា កងទ័ពរំដោះប្រជាមានិតចិន និងកងទ័ពសាធារណរដ្ឋសិង្ហបុរី បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកទ្វេភាគី ។
យោងតាមការអះអាងរបស់ក្រសួងការពារជាតិសិង្ហបុរី បានឲ្យដឹងថា សមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នឹងចំណាយពេលរហូតដល់ថ្ងៃព្រហស្បតិ៍ ។
រូបភាពវីដេអូឃ្លីបរបស់ CCTV ឃើញពិធីបើកសមយុទ្ធ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ហើយមានអ្នកចូលរួមប្រមាណជា ២០០នាក់ មកពីកងទ័ពជើងទឹកប្រទេសទាំង ២ នៅឯមូលដ្ឋានកងទ័ពជើងទឹកស្ថិតក្នុងទីក្រុង Zhanjiang ខេត្តភាគខាងត្បូង Guangdong ប្រទេសចិន ។
CCTVរាយការណ៍ថា សមយុទ្ធយោធារួមគ្នានេះ រួមមានប្រតិបត្តិការរុករក និងជួយសង្រ្គោះរួមគ្នា ក៏ដូចជាសមយុទ្ធជាក់ស្តែងនៅក្នុងប្រើប្រាស់អាវុធ ។
យោងតាមសចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua របស់ចិន បានឲ្យដឹងថា នេះគឺជាលើកទី ៣ហើយដែលចិន និងសិង្ហបុរី ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាបែបនេះ ៕


