ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីបានវាយប្រហារដោយមីស៊ីលលើរដ្ឋធានីគីវរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទ (ទី២ ខែកញ្ញា) ខណៈដែលការធ្លាក់កម្ទេចកម្ទីពីអាវុធដែលត្រូវបានទម្លាក់នោះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ បានរងរបួស ដោយបង្កឲ្យមានជាអគ្គិភ័យ និងបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ។
នៅលើកម្មវិធីផ្ញើសារ Telegram រដ្ឋបាលយោធារបស់ទីក្រុងបានឲ្យដឹងថា អង្គភាពការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន បានបំផ្លាញមីស៊ីលតម្រង់គោលដៅជាង ១០ដើម និងមីស៊ីលបាលីស្ទិកប្រមាណជា ១០ដើមដូចគ្នា។
សញ្ញាជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស បានលេចឡើងពាសពេញប្រទេសអ៊ុយក្រែនអស់រយៈពេលជិត ២ម៉ោង មុនពេលកងកម្លាំងអាកាស បានប្រកាសថា ផ្ទៃមេឃស្រឡះជាធម្មតា នៅវេលាម៉ោង ៣:៣០នាទីម៉ោងសកល។ ជាមួយគ្នានេះ ប្រទេសជិតខាងប៉ូឡូញ ដែលជាសមាជិករបស់អង្គការ NATO បានធ្វើឲ្យយន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្តសកម្ម ដើម្បីការពារដែនអាកាសរបស់ខ្លួនឲ្យមានសុវត្ថិភាព ក្នុងអំឡុងពេលមានការវាយប្រហារនេះ។
អភិបាលក្រុងគីវ លោក Vitali Klitschko បានឲ្យដឹងនៅលើ Telegram ថា អាគារកម្ដៅ នៅរោងចក្រផលិតទឹក នៅទីក្រុងគីវ ត្រូវបានខូចខាតផ្នែកខ្លះ ក៏ដូចជាច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី និងទីជម្រកការពារគ្រាប់បែក នៅក្នុងតំបន់ Svyatoshynksyi បើទោះបីជាស្ថានីយ នៅតែដំណើរការក៏ដោយ។ តំបន់នេះ ជាកន្លែងប្រមូលផ្តុំនៃសាកលវិទ្យាល័យ និងសាលារៀនជាច្រើន។
លោក Klitschko បាននិយាយថា ការវាយប្រហារនោះបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ រងរបួស។ លោកបានបន្តថា រថយន្តត្រូវបានអគ្គិភ័យឆាបឆេះពេញទាំងទីក្រុង ព្រមទាំងអគារមិនមែនលំនៅឋាន ក្នុងតំបន់ Shevchenkivsky ផងដែរ។ លោក Klitschko បានបន្ថែមទឿតថា សេវាសង្គ្រោះបន្ទាន់ក៏បានទៅដល់តំបន់ Svyatoshynksyi, Holosiivskyi និង Solomyanskyi ជាកន្លែងដែលកម្ទេចកម្ទីបានធ្លាក់ពីមីស៊ីលដែលត្រូវបានបំផ្លាញ៕


