រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen នៅថ្ងៃចន្ទ (ទី២ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសហ្វាំងឡង់ កំពុងលើកឡើងពីគម្រោងឲ្យមានការហាមឃាត់ដល់ពលរដ្ឋរុស្ស៊ីភាគច្រើនមិនឲ្យទិញអចលនទ្រព្យ នៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ ក្នុងវិធានការមួយដើម្បីការពារសន្តិសុខជាតិ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសហ្វាំងឡង់ និងប្រទេសជិតខាងរុស្ស៊ី បានជួបនឹងភាពអាប់អួ ចាប់តាំងពីការមានលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដែលបានជំរុញឲ្យទីក្រុង Helsinki ចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ បន្ទាប់ពីមានគោលការណ៍មិនចូលបក្សសម្ព័ន្ធជាច្រើនទសវត្សរ៍។
ហើយការហាមឃាត់លើការទិញអចលនទ្រព្យដែលត្រូវបានស្នើឡើងនេះ នឹងលើកលែង ចំពោះពលរដ្ឋសញ្ជាតិ២ និងជនជាតិរុស្សីដែលមានលំនៅអចិន្ត្រៃយ៍ ក្នុងប្រទេសហ្វាំងឡង់ ឬប្រទេសផ្សេងទៀតរបស់សហភាពអឺរ៉ុប ហើយហើយនឹងឆ្លងកាត់ការពិគ្រោះជាមួយអ្នកជំនាញ មុនពេលមានការបោះឆ្នោតដោយសភា នាពេលក្រោយ។
លោក Hakkanen បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ច្បាប់នេះមានគោលបំណងទប់ស្កាត់ឥទ្ធិពលអរិភាព ដែលអាចកើតមានប្រឆាំងនឹងហ្វាំងឡង់»។
លោករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា ប្រទេសហ្វាំងឡង់កំពុងត្រួតពិនិត្យរួចហើយនូវអចលនទ្រព្យចំនួន ៣.៥០០កន្លែង នៅក្នុងប្រទេសដែលមានទំនាក់ទំនងជាមួយម្ចាស់ជាជនជាតិរុស្ស៊ី៕