អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួនមានផែនការសម្រួលឲ្យបានងាយស្រួលនូវវិធានការ សម្រាប់ការធ្វើដំណើរអន្តរជាតិក្នុងកំឡុងពេលមានវីរុសរាតត្បាត COVID-19។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Grant Shapps បាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោកនឹងដាក់ចេញនូវវិធានការ ដើម្បីសម្រួលដល់ការធ្វើដំណើរអន្តរជាតិឲ្យបានងាយស្រួលក្នុងការកាត់បន្ថយការចំណាយ ដោយទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងកម្រិតខ្ពស់ និងការពារយើងទាំងអស់គ្នា។

អ្នកដំណើរនៅអាកាសយានដ្ឋាន Stansted បានផ្តល់ទស្សនៈចម្រុះគ្នាដោយអ្នកខ្លះនិយាយថា វិធានការបច្ចុប្បន្នសមហេតុផល និងងាយស្រួលធ្វើតាម ហើយអ្នកផ្សេងទៀតអះអាងថា ពួកគេត្រូវការភាពសាមញ្ញ។ រដ្ឋាភិបាលកំពុងស្ថិតនៅក្រោមសម្ពាធ ដើម្បីលុបចោលប្រព័ន្ធនៃការធ្វើចរាចរណ៍របស់ខ្លួនដែលចាត់ថ្នាក់ប្រទេសដូចជាព័ណ៌ក្រហម លឿងទុំ ឬបៃតងដែលមានហានិភ័យខ្ពស់ មធ្យម ឬទាបពីវីរុសកូរ៉ូណា។ នាពេលបច្ចុប្បន្ននេះ ប្រជាជនមកពីប្រទេស ដែលមានឈ្មោះក្នុងបញ្ជីក្រហមត្រូវចំណាយពេល ១០ថ្ងៃនៅក្នុងសណ្ឋាគារដែលដាក់ឲ្យធ្វើចត្តាឡីស័កអនុម័តពីរដ្ឋាភិបាល។
អ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំង មកពីប្រទេសដែលមានបញ្ជីឈ្មោះកម្រិតហានីភ័យមធ្យម ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃនៅលំនៅដ្ឋាន ឬកន្លែងស្នាក់នៅ ខណៈអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ត្រូវធ្វើតេស្តរកវីរុសកូរ៉ូណាមុន និងក្រោយពេលមកដល់ចក្រភពអង់គ្លេស។ ក្រុមហ៊ុនអាកាសចរណ៍ និងពាណិជ្ជកម្មទេសចរណ៏បានត្អូញត្អែរថា តម្រូវការស្មុគស្មាញ និងមានតម្លៃថ្លៃរបស់ចក្រភពអង់គ្លេសកំពុងធ្វើឱ្យប្រជាជនឃ្លាតឆ្ងាយ និងធ្វើឲ្យប៉ះពាល់ដល់ការស្តារឡើងវិញក្រោយពីជំងឺរាតត្បាត៕
អត្ថបទ៖ ប៊ុនថន