អាជ្ញាធរផ្នែកសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ លោក Kuo Jyh-huei នៅថ្ងៃចន្ទ (ទី២ ខែកញ្ញា) នេះ បានលើកឡើងថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump «មានកិច្ចការពាក់ព័ន្ធជាច្រើន» ហើយយល់ខុសអំពីតួនាទីរបស់កោះតៃវ៉ាន់ នៅក្នុងឧស្សាហកម្មបន្ទះអេឡិចត្រូនិក ប្រហែលជាដោយសារតែអ្នកផ្សេងទៀត បានផ្តល់ព័ត៌មានមិនត្រឹមត្រូវដល់រូបលោក។
លោក Trump ដែលជាបេក្ខជនតំណាងគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីខែវិច្ឆិកា បានផ្ដល់សញ្ញាព្រមានដល់កោះតៃវ៉ាន់គ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានទាមទារដោយប្រទេសដោយប្រទេសចិន ដោយលោកបាននិយាយកាលពីខែកក្កដាថា «កោះតៃវ៉ាន់គួរតែបង់ប្រាក់ឲ្យសហរដ្ឋអាមេរិក សម្រាប់ការការពារ» ហើយថា កោះនេះបានដណ្ដើមយកអាជីវកម្មបន្ទះអេឡិចត្រូនិករបស់អាមេរិក។
ការកត់សម្គាល់របស់លោកបានធ្វើឲ្យប៉ះពាល់ដល់ភាគហ៊ុនរបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុននានា ដូចជាក្រុម Apple និង Nvidia ជាដើម។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ នៅមុនកម្មវិធីតាំងពិពណ៌ឈ្មោះ Semicon Taiwan នៅសប្តាហ៍នេះ ដែលគ្រោងនឹងមានការចូលរួមពីនាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន TSMC, Samsung និង SK Hynix លោក Kuo បានច្រានចោលការលើកឡើងរបស់លោក Trump។
លោក Kuo ដែលពីមុនជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនផ្គត់ផ្គង់ឲ្យក្រុមហ៊ុន TSMC គឺក្រុមហ៊ុន Topco Scientific បាននិយាយថា៖ «កោះតៃវ៉ាន់មិនបានលួចឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិកនោះទេ»។ លោកបានបន្ថែមថា ផ្ទុយទៅវិញ កោះតៃវ៉ាន់ជួយបំពេញបន្ថែមលើឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិកក្នុងការផលិត។ លោកបានប្រាប់ថា៖ «នេះគឺជាការយល់ខុសលើតួនាទីនេះពីលោក Trump។ លោកមានកិច្ចការពាក់ព័ន្ធជាច្រើន ហើយប្រហែលជាមិត្តភ័ក្ដិ ឬអ្នកប្រកួតប្រជែង នៅកោះតៃវ៉ាន់ ប្រាប់លោកអ៊ីចឹង»។
គួរបញ្ជាក់ថា ក្រុមហ៊ុន TSMC កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារសាងសង់រោងចក្រថ្មី នៅបរទេស ក្នុងនោះរួមទាំង ៦៥ពាន់លានដុល្លារអាមេរិក លើរោងចក្រចំនួន ៣ នៅរដ្ឋ Arizona សហរដ្ឋអាមេរិក ទោះបីជាក្រុមហ៊ុននិយាយថា ការផលិតភាគច្រើន នឹងស្ថិតនៅកោះតៃវ៉ាន់ក៏ដោយ៕